ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋបន្ទាប់ពី ប្រទះឃើញ ជនជាតិចិន ដេកស្លាប់នៅក្នុងបុរីបាវិតលែនស៊ីធី ដោយគាំងបេះដូងនៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងបុរីបាវិតលែនស៊ីធី ផ្លូវលេខ:R1 ផ្ទះជួលលេខ:08 ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសខាងលើមានឈ្មោះ លីន ស៊ួយពឹង (LIN SHUIBENG) ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ: E:08មានទីលំនៅ ប្រទេសចិន ។
ប្រភពបន្តថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកថា: មានករណីជនជាតិចិនដេកស្លាប់នៅក្នុងបុរីបាវិតលែនស៊ីធី ភ្លាម កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុនៃអធិការនគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត.កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល និងលោកវេជ្ជបណ្ឌិត សំបូរសារឹម ភីសុភាព គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ឈីវ អ៉ិចគង់ ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសព។
ប្រភពបន្តថា ដោយផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត សន្និដ្ឋានថា ស្លាប់ដោយសារគាំងបេះដូងអាចបណ្តាលមកពីសេពគ្រឿងស្រវឹងលើសកម្រិត។
បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ រក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់ ៕
ដោយ៖ សុថាន