ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងទិវាជាតិនៃការចងចាំ២០ឧសភាឆ្នាំនេះ បានរៀបចំពិធី បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន១៨០អង្គដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសនិងប្រជាជនដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត អស់ជាង៣លាននាក់ ។
ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការនិងប្រជាជនចំនួន ៦.០០០នាក់ ។
ក្នុងពិធីនោះ ក្រុមសិល្បករបានសម្តែងនូវឈុតឆាកដ៏សាហាវព្រៃផ្សៃរបស់បនប្រល័យពូជសាសន៍ប៉ុលពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើអោយអ្នកចូលរួមកម្មវិធីនេះទប់ទឹកភ្នែកមិនបាន។
២០ឧសភា បានក្លាយជាថ្ងៃកាន់មរណទុក្ខដែលប្រជាជនកម្ពុជាបានចារិកជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។
ក្នុងពិធីនេះ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋបានដាក់កម្រងផ្កាដោយសម្រួមកាយវាចាចិត្តនៅចំពោះមុខស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ដែលត្រូវបានគាស់ចេញពីរណ្តៅសពរួមចំនួន៨៦រណ្តៅដែលត្រូវពួកឃាតកអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុងឋានសុគ តិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូនខ្មែរគ្រប់រូបក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅនិងគួរឱ្យស្អប់ខ្ពើមនេះ។ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដែលជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់មិនអោយរបបប្រល័យពូជសាសន៍នេះកើតឡើងជាលើកទី២នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់វង្ស ក៏ដូចជារួមគ្នាទប់ស្កាត់ឱ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។
ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍបន្តទៀត ប្រជាជនយើងត្រូវចេះប្រើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។
លោកឃួង ស្រេង បានឧទ្ទិសថ្ងៃ២០ ឧសភាឱ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកលណាមួយដែលមានបំណងរុញកម្ពុជាឱ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៍ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាពដែលសម្តេច តេជោហ៊ុន សែនបានដឹកនាំស្វែងរកបានដោយលំបាក៕
ដោយ ៖ សំរិត