ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានបុរស២នាក់បានស្លាប់និងរបួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀងនៅស្រុកស្វាយជ្រំនិងក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា៖
*ករណីទី១បានកើតឡើងកាលពីវេលាម៉ោង ១១និង៣៥ នាទីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ១២៩និង១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង មានរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣C.៨៤២១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១P.៤៩០៥ បើកបរដោយឈ្មោះ នៅ សាបន ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ ព្រៃប្រេីស ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ អ៊ុក សារ៉ែម ភេទ ស្រី អាយុ ៦៣ មុខរបរ កសិករ រស់នៅភូមិ សេកជ្រុំ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង មិនពាក់មួកសុវត្ថិភាព រងរបួសស្រាល ធ្វើដំណើរពីកើតទៅលិច ពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុ ដោយសារតែ អ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនបុករថយន្តពីក្រោយ ទើបបង្កករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ។
*ករណីគ្រោះថ្នាក់ចរាចរណ៍ទី២បានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី ១៩ខែឧសភាឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ គីទ្បូម៉ែត្រលេខ១១២-១១៣ ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានម៉ូតូមួយគឿង ម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ស្លាកលេខព្រៃវែង ១G.៨២០១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទប្រុសនិងអ្នករួមដំណើរ២នាក់ទៀត ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឱ្យបុរស២នាក់ស្លាប់នឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ បាក់ជើងស្តាំត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរបង្អែកខេត្តស្វាយរៀង។
ចំណែក សពដែល បានស្លាប់ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តស្វាយជ្រំ និងស្រាវជ្រាវរករថយន្តបង្កហេតុចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ សុថាន