ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលពេញfacebookករណីចាប់ក្មេងស្រីលក់ក្រឡាន តាមពិតជារឿងស្នេហា

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ នៅក្នុងបណ្ដាញសង្គមfacebook ប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋនិងអ្នកនិយមលេងបណ្តាញសង្គមfacebook ជាច្រើនបានបង្ហោះព័ត៌មានមួយចំនួនថា មានករណីបាត់កូនៗ និងករណីក្រុមមនុស្សជិះឡានឬម៉ូតូដើរចាប់ក្មេងៗដើម្បីយកសិរីរាង្គ។

    ទន្ទឹមគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក៏មានគណនីហ្វេសប៊ុកមួយមានឈ្មោះ Maly kubota  កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣ បានបង្ហោះសារថា “មានមនុស្សប្រុសមួយក្រុមជិះឡានម៉ាកឡិចស៊ីសនិងហាយឡេនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង។ 

    ទាក់ទិននឹងព័ត៌មាននេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត សូមជម្រាបជូនថា៖ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីទប់ស្កាត់និងបង្ក្រាបជនល្មើសមកផ្តន្ទាទោសតាមច្បាប់ តែមកទល់ពេលនេះពុំទាន់មានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ។

    ពេលកម្លាំងនគរបាលចុះស្រាវជ្រាវនិងចុះដល់លំនៅឋាន យោងការបំភ្លឺរបស់ឈ្មោះ ឆប គឹមឡាង ដែលត្រូវជាម្ដាយកូនស្រីដែលបាត់ខ្លួននោះ  បានអះអាងថា៖ ពុំមានករណីជនណាចាប់ជំរិតឬចាប់កូនស្រីគាត់យកសិរីរាង្គទេ គឺជារឿងស្នេហារបស់កូនៗគាត់ប៉ុណ្ណោះ សូមសាធារណជនកុំមានការយល់ច្រឡំ។សូមស្តាប់ការការបំភ្លឺម្តាយក្មេងស្រីដែលបាត់ខ្លួន។

    ពាក់ព័ន្ធករណីព័ត៌មានបាត់ក្មេងជាបន្តបន្ទាប់តាមខេត្តមួយចំនួន សមត្ថកិច្ចក៏កំពុងស្រាវជ្រាវផងដែរនូវប្រភពព័ត៌មានដែលកំពុងចែកចាយទាំងនេះ ដើម្បីស្វែងរកការណ៍ពិតជូនបងប្អូនយើង ។

    សូមលើកទឹកចិត្តសម្រាប់ការបង្ហាញព័ត៌មានពិត តែសម្រាប់អ្នកដែលបំពុលព័ត៌មាននេះ ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ។

    អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលមិនទាន់ដឹងការណ៍ពិតពុំទាន់មានមូលដ្ឋានច្បាស់លាស់ផ្សាយខុសគឺជាការបំភ្លៃសក្ខីកម្ម ឬ បង្ហោះសារមិនពិត និងមានការនិយាយខ្វះមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ពិតប្រាកដ អាចពាក់ព័ន្ធទៅក្នុងផ្លូវច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានធ្វើឱ្យប៉ះពាល់ការប្រឹងប្រែងរបស់នគរបាល។

  អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានភាន់ច្រឡំ។ ចំពោះម្ចាស់ហ្វេសប៊ុកខាងលើ ដែលបង្ហោះព័ត៌មានខុសពីការណ៍ពិតត្រូវកែតម្រូវជាបន្ទាន់  ក្នុងករណីបន្តបង្ហោះបំភ្លៃការណ៍ពិតទៀត ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់៕

IMG_8099

ដោយ ៖ វណ្ណា


ចែករំលែក៖