ខេត្តរតនគិរី៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលកំពុងតែជិះម៉ូតូកាត់ភ្លៀងលាយឡំផ្គររន្ទះហើយក៏ត្រូវរន្ទះបាញ់បណ្ដាលឱ្យដួលដាច់ខ្យល់ស្លាប់តែម្តង។
ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់មនុស្សស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១៤៖២០ នាទីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣នៅចំណុចចម្ការឈ្មោះយាយចិន ស្ថិតក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពពីអធិការស្រុកលំផាត់បានឱ្យដឺងថា ជនរងគ្រោះត្រូវរន្ទះបាញ់នោះឈ្មោះ ព្រំ ឃ្នី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្នែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពបន្តថា មុនពេលកើតហេតុនៅវេលាម៉ោង១៤៖០០នាទីជនរងគ្រោះបានជិះម៉ូតូទៅវាស់ដីនៅចម្ការឈ្មោះហាក់ តែពេលទៅដល់ក៏មានភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់ផងពិបាកក្នុងការចុះវាស់ដីមិនកើតក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ។ តែអកុសលពេលកំពុងតែជិះម៉ូតូមកដល់ចំណុចចម្ការឈ្មោះយាយចិន ស្ថិតក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តមក៏ស្រាប់តែមានរន្ទះបាញ់ផាំងត្រូវជនរងគ្រោះដែលកំពុងតែជិះម៉ូតូដួលទៅលើដីបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ភ្លាម ហើយធ្វើការពិនិត្យជុំវិញករណីកើតហេតុរួចរាល់ក៏ធ្វើកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ជីវ័ន្ត