ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

“​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​នេះ ជាអគារ​ថ្មី ដែលត្រូវបានសាងសង់ឡើង ដោ​យ​បំពាក់នូវឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា។

អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់កាល​ពីដើម​ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លងទៅ។ អគារ​ទំនើប​ថ្មី​មួយ​នេះមាន​ប្រមាណ​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង។ 

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង ៧:៣០នាទីព្រឹក ពីមន្ទីរពេទ្យកាល់ម៉ែត្រ៕

ដោយ៖ សហការី


ចែករំលែក៖