ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍រួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានចុះស្រាវជ្រាវនិងឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលតាំងខ្លួនជាសង្ឃនៃសាសនាជនជាតិចិន។
ការឃាត់ខ្លួនជនជាតិចិនទាំង០២នាក់ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់បាយ័ន ស្ថិតនៅសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ក្រោយមានអ្នកប្រេីប្រាស់បណ្តាញសង្គមបានបង្ហោះរូបភាពនិងផ្សព្វផ្សាយខ្លឹមសារអំពីសកម្មភាពមិនប្រក្រតីនៃអ្នកបួសក្នុងសាសនា បានធ្វេីសកម្មភាពមិនល្អដូចជាការដេីរលក់ខ្សែអង្កាំដោយកំណត់តម្លៃហេីយចូលទៅក្នុងលំនៅដ្ឋានប្រជាពលរដ្ឋដោយមិនញញេីត ក្រែង ឬដោយគ្មានការអនុញ្ញាត ដែលបញ្ហានេះបង្កឱ្យកេីតមាននូវក្តីបារម្ភពីមហាជននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថាជនជាតិចិនដែលត្រូវឃាត់ខ្លួន /ទី១-ឈ្មោះ YAN FENGLONG ភេទប្រុស អាយុ៦២ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខEB 0704 908 ទិដ្ឋាការផុតកំណត់ ០២ ខែមិថុនា ឆ្នាំ២០២៣ /ទី២-ឈ្មោះ LI RONGCHANG ភេទប្រុស អាយុ៦១ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ770 711 ទិដ្ឋាការផុតកំណត់ ០២ខែ មិថុនាឆ្នាំ២០២៣។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវបឋមគាត់មិនមែនជាព្រះសង្ឃក្នុងសាសនាទេ ប៉ុន្តែគាត់បានក្លែងធ្វើជាសង្ឃធ្លាប់បានចេញចូលមកប្រទេសកម្ពុជាជាច្រើនដងតាំងតែពីឆ្នាំ២០១៧មកម្លេះ ហើយថ្មីៗនេះបានចូលមកទៀតក្នុងខែកុម្ភៈ ឆ្នាំ២០២៣ដោយទិញខ្សែអង្កាំពីប្រទេសចិនមកដើរលក់តាមផ្ទះស្លៀកពាក់ជាសង្ឃក្នុងសាសនា ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា កាលពីចុងឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្លាប់បានឃាត់ខ្លួនក្នុងករណីដូចគ្នានេះ ចំពោះបុគ្គលរូបនេះរួចមកហេីយ ប៉ុន្តែនៅពេលនេះត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួននិងរៀបចំបញ្ជូនទៅកាន់អគ្គនាកដ្ឋានអន្តោប្រវេសក្រសួងមហាផ្ទៃដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា