ភ្នំពេញ៖តារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣។ នាងបានប្រើប្រាស់ឈុតប្រណីត៤ដើម្បីបង្ហាញមុខគ្រានោះ ប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់ភ្លឹកនោះគឺឈុតស្បៃនាគរាជយ៉ាងស្រស់ស្អាតប៉ុន្តែក្រោយមានអ្នករិះគន់ថា បានចម្លងចេញពីថៃទៅវិញ។
បញ្ហា «របួសជើងមិនអាចបញ្ឈប់ ស៊ីន យូប៊ីន ពីការដើរលើកម្រាលព្រំលំដាប់អន្តរជាតិនេះបានឡើយ» ក្នុងនោះដែរ បានទាញចំណាប់អារម្មណ៍អ្នកគាំទ្រពេលប្រើឈើច្រត់ដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes នៅប្រទេសបារាំង» ។សារព័ត៌មានអន្តរជាតិបានលើកឡើងថា៖ «ទេពអប្សរចុះពីឋានលើ! តារាសម្ដែងកម្ពុជា ស៊ីន យូប៊ីន បង្ហាញខ្លួននៅទីក្រុង Cannes ទោះបីប្រើឈើច្រត់»។អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់ភ្លឹកនោះក្នុងចំណោមឈុតប្រណីតទាំង៤ដែលនាងស្លៀកចូលរួមកម្មវិធីដ៏សម្បើមនេះគឺមានឈុតមួយដែលត្រូវបានរចនាដោយស្បៃភ្ជាប់ដោយរូបទង់ជាតិប្រទេសកម្ពុជា លម្អដោយគ្រឿងអលង្ការប្រណីតនៃរូបសត្វនាគរាជ និងផ្ការំដួល។ ទន្ទឹងនឹងការកោតសរសើរព្រោងព្រាតអំពីរូបសម្រស់ និងឈុតប្រណីតនេះស្រាប់តែលេចចេញការរិះគន់ទៅវិញថា ឈុតនេះត្រូវបានចម្លងចេញពីប្រទេសថៃទៅវិញ។ តបតាមការលើកឡើងនេះត្រូវបាននាងទម្លាយថា៖ សូមអរគុណចំពោះការpostនិងshareរូបភាពរបស់នាងខ្ញុំនិងការលើកសរសើរពីឈុតដែលនាងខ្ញុំគ្រងនេះ🙏🏻 សូមបញ្ចាក់ផងដែរថាឈុតមួយនេះគឺជាការច្នៃម៉ូតដោយនាងខ្ញុំផ្ទាល់ហើយធ្វើការដំឡើងឈុតដោយជនជាតិថៃ ។ វត្ថុធាតុដើមទាំងអស់គឺជាការនាំចូលពីប្រទេសក្រៅដែលមិនមែនថៃ ជាក់ស្តែងដូចជាសាច់ក្រណាត់គឺជាម៉ាក Valentino ដែលជាម៉ាកល្បីនិងមានតម្លៃថ្លៃ កម្ម៉ង់ពី អុីតាលីហើយសម្រាប់ គ្រឿងអលង្ការ ទាំងអស់ គឺត្រូវបានយកលំនាំ ពីរចនាបទរបស់ខ្មែរដែលមាននៅប្រាសាទបុរាណនិងឯកសារយោងមួយចំនួនហើយអ្នកផលិតគ្រឿង អលង្ការ បានហោះមកកាន់ប្រទេសខ្មែរដើម្បីសិក្សាយ៉ាងលម្អិតពីព្រះកេសនាគរាជនិងផ្ការំដួលព្រោះនៅប្រទេសថៃគ្មានផ្ការំដួលទេ ព្រះកេសនាគក៏មិនដូចគ្នាដែរ បន្ទាប់មករោងចក្រក៏បានធ្វើពុម្ភថ្មីដើម្បីផលិតគ្រឿង អលង្ការ ទាំងនេះចេញមកយ៉ាងពិសេសនិងផ្តាច់មុខសម្រាប់តែនាងខ្ញុំក្នុងព្រឹត្តិការណ៍ canes film festival នេះតែប៉ុណ្នោះទាំងនេះជាមូលហេតុដែលធ្វើអោយឈុតនេះមានតម្លៃរហូតដល់ជិត១៦.០០០ដុល្លារដោយគ្មានការ បញ្ចុះតម្លៃ ឫ ការជួយជ្រោមជ្រេងពីជនជាតិថៃណាម្នាក់ឡើយ គឺនាងខ្ញុំជួលអោយធ្វើការអោយនាងខ្ញុំពេញថ្លៃ ហើយមូលហេតុដែលប្រើប្រាស់ជនជាតិថៃអោយដំឡើងឈុតព្រោះជាងនៅខ្មែរយើងគ្រប់គ្នារវល់ជាមួយព្រឹត្តិការណ៍ស៊ីហ្គេមដែលខ្មែរយើងជាម្ចាស់ផ្ទះយ៉ាងអស្ចារ្យពួកគាត់គ្មានពេលគ្រប់គ្រាន់ជួយធ្វើឈុតអោយនាងខ្ញុំទេ ហេតុដូចនេះសូមអ្នកជិតខាងកុំមក ទាមទារអី្វដែលមិនមែនជារបស់ខ្លួនគួរតែអរគុណនាងខ្ញុំដែលអនុញ្ញាតអោយផុសរូបផ្សព្វផ្សាយព្រោះនាងខ្ញុំមានសិទ្ធក្នុងការមិនអនុញ្ញាតអោយផុសឫលប់postចោលព្រោះនាងខ្ញុំជាម្ចាស់កម្មសិទ្ធរបស់ឈុតទាំងមូល ចូរកុំប្រើប្រាស់ផលប្រយោជន៍ពីកម្រាលព្រំ របស់នាងខ្ញុំដើម្បីការចូលទស្សនារបស់អ្នកទាំងងងឹតងងុលស្របពេលដែលប្រជាជនកម្ពុជាខ្ញុំកំពុងមានមោទកភាពនិងរីកមុខរីកមាត់នៅលើឆាកអន្តរជាតិ ។ ជាចុងក្រោយនាងខ្ញុំសូមសំណូមពរបងប្អូនខ្មែរយើងទាំងអស់កុំមានការឈ្លោះឫប្រើពាក្យមិនសមរម្យនៅលើ បណ្តាញសង្គម ជាមួយភាគីម្ខាងទៀតអីនាំតែជាតិសាសន៍ដទៃមើលងាយ អ្នកថ្លៃថ្នូរអ្នកមានការសិក្សាគេមិនធ្វើនោះទេ មួយវិញទៀតយើងជាម្ចាស់គ្មានអីត្រូវខ្លាចឡើយរឿងដែលយើងគួររួមគ្នាធ្វើគឺរួមគ្នាថែរក្សានិងរួមគ្នាផ្សព្វផ្សាយមិនមែនរួមគ្នាទៅឈ្លោះយកឈ្នះទេ រឿងមួយនេះទុកអោយអ្នកដំឡើងឈុតគេបកស្រាយប្រាប់ជនជាតិគេខ្លួនឯង គេនិងផុសបញ្ចាក់ឆាប់ៗ។
ទោះជាយ៉ាងណាក្តីអ្នកគាំទ្រនាងបានបញ្ចេញយោបល់ព្រោងព្រាតកោតសរសើរពីគំនិតច្នៃប្រឌិតរបស់នាង និងរិះគន់តបត្រឡប់ទៅកាន់អ្នកគិតមិនល្អ មកលើនាងដែលបាននាំមកនូវកិត្តិយសមុខមាត់សម្រាប់កម្ពុជាលើឆាកអន្តរជាតិនោះ៕
ដោយ ៖ វឌ្ឍនា