ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល១សប្តាហ៍ មន្ត្រី ក.ប.ប. ចុះត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈបានចំនួន ៣៧ទីតាំង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃពុធទី​២៥ ខែឧសភា​​ ឆ្នាំ​២០២៣នេះថា៖​ មន្ត្រីជំនាញ​ ក.ប.ប. បានចុះត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈបានចំនួន ៣៧ទីតាំងក្នុងរយៈពេល១សប្តាហ៍នេះ​ ដោយរកឃើញថាមានដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំង ប្រកបអាជីវកម្មមិនសុចរិត តាមរយៈចេតនាកេងបន្លំចំនួនលីត្រពីដៃបាញ់ប្រេងឥន្ធនៈ។ 

មន្រ្តីដដែលបន្តថា​ អនុលោមតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. បន្តអនុវត្តភារកិច្ចរបស់ខ្លួន ជាពិសេសការអនុវត្តខ្លឹមសារនៃច្បាប់ ពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ។ ជាក់ស្តែងចាប់ពីថ្ងៃទី១៧-២២ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ កំពង់ធំ ប៉ៃលិន សៀមរាប និងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបបានចំនួន៣៧ទីតាំង តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ដែលឧបករណ៍នេះតែងតែបានធ្វើការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ(ព្យាសកម្ម) ពីមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ។ 

យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ បានរកឃើញថាមានដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំង ប្រកបអាជីវកម្មមិនសុចរិត តាមរយៈចេតនាកេងបន្លំចំនួនលីត្រពីដៃបាញ់ប្រេងឥន្ធនៈ។ ម្ចាស់ដេប៉ូទាំងនោះត្រូវបានមន្ត្រីជំនាញ​ បានចាត់វិធានការតាមនីតិវិធីផងដែរ៕

ដោយ៖សហការី​


ចែករំលែក៖