សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៦ ខែឧសភាឆ្នាំ២០២៣ អតីតប្រធានាធិបតីរុស្ស៉ី និងជាមនុស្សជំនិតម្នាក់របស់លោក ពូទីន គឺលោក Dmitry Medvedev បាននិយាយថា សង្រ្គាមអ៊ុយក្រែនអាចនឹងអូសបន្លាយពេលរាប់ទសវត្សរ៍ ហើយដែលការប្រយុទ្ធគ្នារយៈពេលយូរនេះអាចនឹងលាយឡំជាមួយបទឈប់បាញ់។
លោក Dmitry Medvedev ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អំឡុងបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាម។ អតីតប្រធានាធិបតី
រុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ជម្លោះនេះ (សង្រ្គាមនៅអ៊ុយក្រែន) នឹងអូសបន្លាយពេលដ៏យូរ ឬអាចរាប់ទសវត្សរ៍ក៏ថាបាន»។
លោក Medvedev បន្តទៀតថានៅក្នុងសង្រ្គាមរយៈពេលវែង វាអាចនឹងមានបទឈប់បាញ់រយៈពេល២ ឬ៣ឆ្នាំ ហើយក្រោយមកសង្រ្គាមនឹងផ្ទុះបន្តទៀត។ លោក Medvedev គឺជាមនុស្សម្នាក់ដែលតែងតែប្រើប្រាស់វោហាសាស្ត្រសម្លុតគំរាម ហើយកាលពីខែមេសាកន្លងទៅ លោកថែមទាំងបានចាត់ទុកអាជ្ញាធរ អ៊ុយក្រែន ជាជំងឺឆ្លងមួយផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ Telegraph