ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាមច្រានចោលការចោទប្រកាន់ថាសមត្ថកិច្ចបានឃាត់ខ្លួនបុរសឈ្មោះ ឌុច ភាស់

ចែករំលែក៖

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា៖ នៅប៉ុន្មានថ្ងៃនេះ មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមនានាថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសឈ្មោះ ឌុច ភាស់ រស់នៅភូមិព្រែករំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បញ្ជូនមកតុលាការខេត្តកំពង់ចាម ពាក់ព័ន្ធនឹងករណីដែលបុរសនេះបានចោទប្រកាន់មកលើអាជ្ញាធរពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 

    ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា  មកទល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បុរសឈ្មោះ ឌុច ភាស់ មិនមានការឃាត់ខ្លួនបញ្ចូនមកតុលាការខេត្តកំពង់ចាមដូចការចោទប្រកាន់ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមនានានោះឡើយ។ សមត្ថកិច្ចមិនបានធ្វើការចោទប្រកាន់បុរសឈ្មោះ ឌុច ភាស់ នោះទេ ដោយសារបុរសរូបនេះបានទទួលស្គាល់កំហុស របស់ខ្លួន និងបានធ្វើការសុំទោសជាសាធារណៈរួចហើយ។ 

    ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអរគុណចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានពិតប្រាកដ ហើយក៏សូមជម្រាបជូនសាធារណជនជ្រាបថា រដ្ឋបាលខេត្តបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើករណីនេះ និងបានធ្វើការស្រាវជ្រាវនិងកំណត់មុខ សញ្ញាជនល្មើសពាក់ព័ន្ធការទិញ-លក់ និងឈូសឆាយដីរដ្ឋខុសច្បាប់ទំហំ១ហិកតា ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ បានចំនួន០២នាក់រួចហើយដែរ។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងរៀបចំចងក្រងសំណុំរឿងដើម្បីអនុវត្តនីតិវិធីផ្លូវច្បាប់ជាបន្ត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនកុំមានការយល់ច្រឡំចំពោះព័ត៌មានឃាត់ខ្លួនបុរសឈ្មោះ ឌុច ភាស់ និងសូមជៀសវាងការបង្ហោះឬចែករំលែកព័ត៌មានមិនពិតនេះ។ 

    រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជនបានជ្រាបបន្ថែមទៀតថា ករណីមានចម្ងល់ពាក់ព័ន្ធនឹងបទល្មើសនានានៅក្នុងខេត្តកំពង់ចាម សូមទំនាក់ទំនងមកអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម ស្រី សុភ័ក្រ្ត លេខទូរស័ព្ទ ០១១ ៨១៥ ៥៥៥៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖