ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា បើគ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមុិញ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមបានអរគុណដល់សមាជិក សមាជិកា របស់បក្សទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះលើសលុបនាឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ក៏បានលើកឡើងពីវីរភាពនិងការលះបង់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបន្តស្វែងរកសន្តិភាពជូនប្រទេសជាតិតាមរយៈនយោបាយឈ្នះឈ្នះ។ សម្តេចតេជោ បាននាំយើងឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺរាតត្បាតកូវីឌ-១៩ ហើយសម្តេច បានដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។ ជាពិសេស សម្តេច បានលើកមុខមាត់ប្រទេសកម្ពុជាឱ្យពិភពលោកបានកោតសរសើរនិងស្ងប់ស្ងែង តាមរយៈភាពជោគជ័យដ៏ត្រចះត្រចង់នៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។ ចំពោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបានគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេដមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មិនមែនជាកំហុសរបស់គណបក្សប្រជាជនទេ គឺជាកំហុសផ្នែករដ្ឋបាលរបស់គណបក្សរបស់ខ្លួនឯងពិតប្រាកដ ដូច្នេះពួកគេត្រូវទទួលកំហុសចំពោះគណបក្សដោយខ្លួនឯង ហើយមិនត្រូវទំលាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជាទេ។ 

ជាទីបញ្ចប់ នាយឧត្តមសេនីយ៍ បានអំពាវនាវឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ មានតែគណបក្សប្រជាជនទេ ដែលអាចការពារបាននូវសន្តិភាព មានសន្តិភាពក៏ដោយសារគណបក្សប្រជាជន មានគណបក្សប្រជាជនទើបមានសន្តិភាព ៕

ដោយ ៖ សិលា


ចែករំលែក៖