ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន ហ្វីលីពីននិងអាមេរិកនឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅតំបន់សមុទ្រចិនខាងត្បូង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសហ្វីលីពីន អាមេរិក និងជប៉ុន នឹងធ្វើសមយុទ្ធផ្លូវសមុទ្រត្រីភាគី នៅតំបន់សមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ខណៈដែលវាគឺជាការហ្វឹកហាត់រួមគ្នាលើកដំបូងរវាងឆ្មាំសមុទ្រនៃប្រទេសទាំងបី ចំពេលដែលពួកគេសុទ្ធតែមានក្តីបារម្ភកើនឡើងអំពីសកម្មភាពរបស់ចិននៅក្នុងតំបន់។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក អាម៉ាន់ បាលីឡូ (Armand Balilo) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សមយុទ្ធខាងលើនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា នៅក្នុងដែនទឹកក្បែរខេត្តបាតាន់ (Bataan) នៃប្រទេសហ្វីលីពីន។ នាវាហ្វីលីពីន៤គ្រឿង ព្រមទាំងនាវា១គ្រឿងៗមកពីសហរដ្ឋអាមេរិកនិងជប៉ុន នឹងចូលរួមក្នុងសមយុទ្ធនេះ។ បើតាមលោក បាលីឡូ ប្រទេសអូស្រ្តាលីក៏នឹងមកចូលរួម ក្នុងឋានៈជាអ្នកសង្កេតការណ៍ផងដែរ។
ជប៉ុននិងសហរដ្ឋអាមេរិកបានផ្តួចផ្តើមគំនិតទៅកាន់ហ្វីលីពីនអំពីការធ្វើសមយុទ្ធផ្លូវសមុទ្ររួមគ្នានេះ កាលពីខែកុម្ភៈ ពោលគឺក្នុងខែតែមួយនៅពេលដែលទីក្រុងម៉ានីលបានចោទប្រកាន់ចិនថា បានធ្វើសកម្មភាពបង្កហេតុនៅតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង។ ជប៉ុន អូស្រ្តាលី និងអាមេរិក ជារឿយៗបានចេញមុខរិះគន់សកម្មភាពចិននៅក្នុងតំបន់ផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ ហើយបានព្យាយាមបង្កើនការទាក់ទងគ្នាឱ្យកាន់តែជិតស្និទ្ធជាមួយហ្វីលីពីន ចាប់តាំងតែពីលោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ បានក្លាយជាប្រធានាធិបតីកាលពីឆ្នាំមុនបន្តពីអតីតមេដឹកនាំលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ដែលមានទំនោរទ្រេតទៅរកចិន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Bloomberg


ចែករំលែក៖