ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ​ ចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាលសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២

ចែករំលែក៖

ភ្នំពេញ​៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ​ លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល MPC នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការបម្រើកិច្ចការរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នាឱកាសនោះដែរ​ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានគូសបញ្ជាក់ថា ដូចគ្នានឹងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ថ្មីៗនេះដែរ គឺយើងបានរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយកាលពីស៊ីហ្គេម គឺទទួលបានការសហការពីអ្នកជំនាញមកពីក្រៅប្រទេស ប៉ុន្តែសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺជាកិច្ចសហការរៀបចំរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់។ 

លោកប្រតិភូ​ បានបន្ដថា MPC អាចទទួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលធ្វើកិច្ចការនៅក្នុងនេះក្នុងពេលតែមួយពី ២៥០នាក់ ទៅ៣០០នាក់ ដោយមានទទួលអាហារសម្រន់ឥតគិតថ្លៃនៅទីនេះផងដែរ។

លោកប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាមួយគ្នានេះ គណៈកម្មការជំនាញក៏បានជួយសម្របសម្រួលដល់ការនាំចូលនូវសម្ភារ ឧបករណ៍ផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអន្តរជាតិ នៅព្រលានយន្តហោះ។ ពេលនេះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះឈ្មោះជាផ្លូវការច្រើនជាង ៥០០នាក់ហើយ ក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិជាង ១០០នាក់»។ លោកបន្ដថា ចំពោះការចុះថតយកព័ត៌មាននៅតាមទីលានប្រកួតនានា ក៏ដូចគ្នានឹងការប្រកួតកីឡាស៊ីហ្គេម ថ្មីៗនេះដែរ លើកលែងតែពិធីបើកបិទអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះដែលតម្រូវឲ្យមានតំបន់កំណត់ ដែលមិនប៉ះពាល់ដល់ការរៀបចំបច្ចេកទេស។

សម្រាប់ការផ្សព្វផ្សាយព័ត៌មាន និងការផ្សាយផ្ទាល់អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នេះ លោក ផុស សុវណ្ណ បានបន្ថែមថា៖ «យើងមានបទពិសោធន៍ពេញលេញដែរ ទាំងផ្នែកផ្សព្វផ្សាយ រួមទាំងស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់។ ក្រោយទទួលបានការណែនាំបន្ថែមពីលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គឺយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យការរៀបចំលើផ្នែកផ្សព្វផ្សាយ និងព័ត៌មានកាន់តែមានភាពល្អប្រសើរបន្ថែមទៀត តាមរយៈការផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជា ទូរទស្សន៍ជាតិកម្ពុជា(ទទក) កំពុងផ្សាយផ្ទាល់ការប្រកួតកីឡាអ្វីមួយ គឺនឹងមានការរត់អក្សរបញ្ជាក់ប្រាប់ពីការផ្សាយផ្ទាល់លើប្រភេទកីឡាផ្សេងៗទៀត ដែលកំពុងផ្សាយលើទូរទស្សន៍ផ្សេងៗទៀតជាដើម»។

បន្ថែមពីនេះ​ លោកប្រតិភូ​ ក៏បានរម្លឹកផងដែរ កាលពីស៊ីហ្គេម គឺមានចំណុចខ្វះខាតមែនលើអ្នកសារព័ត៌មាន ដែលចុះផ្ទាល់នៅតាមទីប្រកួតនានា ដែលគណៈកម្មការជំនាញបានកែសម្រួលឱ្យបានល្អប្រសើរ ដូចជាទីតាំងប្រកួតណាមួយ មន្ត្រីសម្របសម្រួលនឹងសម្របសម្រួលជាមួយមន្ត្រីសហព័ន្ធជំនាញតាមសហព័ន្ធកីឡានីមួយៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មាន។ ជាមួយគ្នានេះ លោកក៏បានស្នើសុំឱ្យអ្នកសារព័ត៌មានគោរពពេលវេលាចូលក្នុងទីលានប្រកួតតាមពេលវេលាកំណត់ផងដែរ ដើម្បីកុំឱ្យមានបញ្ហាប្រឈម៕

ដោយ៖សហការី​


ចែករំលែក៖