ភ្នំពេញ៖ នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថា ការធ្វើបាតុកម្មណាមួយរបស់លោករ៉ុង ឈុន ដែល អះអាងថានឹងមានមនុស្សចូលរួមប្រមាណ១ម៉ឺននាក់ក្នុងពេលខាងមុខនេះ នឹងត្រូវចាត់ ទុកជាអំពើខុសច្បាប់។ ការព្រមានរបស់ក្រសួងមហាផ្ទៃ ស្របពេលដែលមានសេចក្តីរាយការណ៍ថា លោករ៉ុង ឈុនបានរៀបចំធ្វើការជួបជុំដើម្បីប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញពាក់ព័ន្ធនឹងករណីគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោត។
នាយឧត្តមសេនីយខៀវ សុភ័គ ថ្លែងព្រមាននៅថ្ងៃ ទី ៣០ឧសភានេះ បន្ទាប់ពីលោករ៉ុងឈុនបញ្ជាក់ប្រាប់វិទ្យុខ្មែរនៅក្រៅប្រទេសមួយ ជុំវិញការចង់ដឹកនាំបាតុកម្ម ប្រឆាំងការសម្រេចចិត្តរបស់គ.ជ.ប.និងការ សម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ បានថ្លែងថា អ្នកដែលរៀបចំធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ លោកបានបញ្ជាក់ទៀតថាបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន នឹងស្ថិតជាធរមានដដែល ។
នាយឧត្តមសេនីយ៍បានរំលឹកប្រសាសន៍សម្ដេចតេជោថា «សមត្ថកិច្ចទាំង អស់ត្រូវត្រៀមលក្ខណៈ អនុវត្តបទបញ្ជា ហើយពន្ធនាគារត្រូវត្រៀមលក្ខណៈ បើកទ្វាររង់ចាំទទួលមេដឹកនាំក្បាលរឹងរបស់ក្រុមបក្ខភ្លើងទៀន»។
នាយឧត្តមសេនីយ៍ខៀវសុភ័គ បានថ្លែងទៀតថា មាត្រារដ្ឋធម្មនុញ្ញដ្ឋរបស់កម្ពុជា ឬសូម្បីតែកិច្ច ព្រមព្រៀងក្រុងប៉ារីស ក៏មិនបានចែងថា ទាល់តែមានគណបក្សប្រឆាំងណាមួយ ទើបអាច មានដំណើរការបោះឆ្នោតនោះបានឡើយ។ លោកបានថ្លែងថា បច្ចុប្បន្នគណបក្សនយោបាយ ចូលរួមបោះឆ្នោតមានចំនួន ១៨គណបក្ស ដែលជាការបង្ហាញថា មានចំនួនពហុបក្សបាន ចូលរួមនៅក្នុងការ បោះឆ្នោតថ្ងៃទី២៣កក្កដាខាងមុខនេះ។
អ្នកនាំពាក្យបានថ្លែងទៀតថា ក្រសួងមហាផ្ទៃនឹងមិនទទួលយកការដាក់ពាក្យសុំធ្វើ បាតុកម្មរបស់គណបក្សភ្លើងទៀនដែរ។
នាយឧត្តមសេនីយ៍ខៀវសុភ័គ បានចាត់ទុកការធ្វើបាតុកម្មតវ៉ា គឺជាអំពើខុសច្បាប់ដែលមានន័យថាជាការបង្កភាពវឹកវរនិងបះបោរ៕
ដោយ៖ សូរិយា