ភ្នំពេញ ៖ បើយោងតាមលិខិតរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ផ្ញើគោរពជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គឺ លោក អ៊ូ ច័ន្ទឫទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្តាល បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ ឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើរូបលោក។
លោក អ៊ូ ច័ន្ទឫទ្ធិ តាមលិខិតគោរពជូនសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា : ខ្ញុំបាទ សូមជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជ្រាបថា ខ្ញុំបាទ ត្រូវ បានសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ និងផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន។ នៅក្នុងន័យ នេះដែរ ខ្ញុំបាទ សូមជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ឲ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួន និង ឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម សម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ទៅ ព្រះមហាក្សត្រ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដើម្បីឲ្យ ខ្ញុំបាទ មានសេរី ភាពក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយក្ដីអនុគ្រោះ។
សូម សម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ ៕
ដោយ ៖ សិលា