ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺ បម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត។ គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ៣យ៉ាង ដែលជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសបន្តទៅមុខ៖ ទី១.ជំហររឹងមាំក្នុងការដឹកនាំដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ ទី២.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំគណបក្ស និងនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនរុងរឿងបន្ថែមទៀត និងទី៣.ការបន្តថែរក្សានូវសាមគ្គីឯកភាពល្អជានិច្ចសម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគត ដោយតម្កល់ផលប្រយោជន៍ជាតិជាគោល ហើយបន្តអនុវត្តតាមគោលនយោបាយរបស់គណបក្សជាប់ជានិច្ច។

ការបញ្ជាក់នេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឈរលើមូលដ្ឋាននេះ សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ខ្មែររួមគ្នា ទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ។

ជាមួយគ្នានេះលោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង អំណរគុណចំពោះបងប្អូន អ៊ំពូមីង និងលោកយាយលោកតាទាំងអស់ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសបែងចែកផ្លែផ្កាប្រកបដោយសមធម៌៕

ដោយ៖ សូរិយា


ចែករំលែក៖