ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃ៣នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែតបញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីបន្តនីតិវិធីនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនជាតិថៃ៣នាក់ដែលត្រូវឃាត់ខ្លួនមាន ១.ឈ្មោះ សូ ផាគីត ភេទប្រុស អាយុ៣២ឆ្នាំ. ២.ឈ្មោះ អុីត ធីផុន ភេទប្រុស អាយុ២៨ឆ្នាំ , ៣.ឈ្មោះ យ៉ុត តាផុន ភេទប្រុស អាយុ៣៦ឆ្នាំដែលស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនជាតិថៃជាបន្តបន្ទាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នៅចំណុចដោយឡែកពីគ្នាក្នុងក្រុងប៉ោយប៉ែត ដោយបានឃាត់ខ្លួនជនសង្ស័យមាន១.ឈ្មោះ សូ ផាគីត ដកហូតគ្រឿងញៀនប្រភេទគ្រាប់២ប្រភេទមានចំនួន១០គ្រាប់និងគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លាចំនួន៧កូនថង់, ២.ឈ្មោះ អុីត ធីផុន ដកហូតគ្រឿងញៀនម្សៅក្រាមសថ្លាចំនួន៦កូនថង់ ៣.ឈ្មោះ យ៉ុត តាផុន ដកហូតគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លាចំនួន២ថង់តូច។ ក្រោយឃាត់ខ្លួនជនជាតិថៃ៣នាក់និងវត្ថុតាងត្រូវបាននាំយកមកសាកសួរ ហើយតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វណ្ណា