ខេត្តក្រចេះ ៖ រថយន្តវ៉េអងមួយគ្រឿងដឹកឈើគ្រឿងផ្ទះចាស់ៗដោយមានបង្កប់ឈើអារថ្មីផងនោះក៏ត្រូវបានកម្លាំងនៃសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងសហការបង្ក្រាបយកមកចាត់ការតាមច្បាប់ព្រៃឈើ។
ការបង្ក្រាបនោះកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងសហការជាមួយមន្រ្តីបរិស្ថានដែនជម្រកសត្វព្រៃសំបូរបន្ទាប់ពីទទួលបានព័ត៌មានថាមានរថយន្តវ៉េអងលួចដឹកឈើគ្រឿងផ្ទះចាស់ បង្កប់ឈើអារថ្មី។
នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង លោក កែវ ចំណាន បានប្រាប់ថា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៣រថយន្ដដែលកម្លាំងសហការឃាត់បាននោះម៉ាកDEAWOO ប្រភេទ វេ៉អង ក្បាលពណ៌ស ទ្រុងពណ៌ទឹកប៊ិក ពាក់ស្លាកលេខត្បូងឃ្មុំ ៣A.០៩៣៦ ហើយមានដឹកឈើគ្រឿងផ្ទះចាស់បង្កប់ឈើអារថ្មីគ្មានលិខិតអនុញ្ញាតនោះទេ ទើបត្រូវបានកម្លាំងសហការធ្វើការបង្រ្គាបបានតែម្តងតាំងតែពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្តែដោយសារឈើទាំងនោះលាយឡំគ្នាច្រើនទើបកម្លាំងពិបាកធ្វើការរុះរើហើយក៏វាស់វែងរួចហើយដែរ។
រីឯរថយន្ដខាងលើនេះមានដឹកឈើអារថ្មីប្រភេទលេខ១ និងលេខ២ ចំនួន១៥០សន្លឹកប្រមាណជិត៥ម៉ែត្រគូប (៤ម៨៩៤)បង្កប់ខាងក្នុងឈើគ្រឿងផ្ទះចាស់ៗ។
បច្ចុប្បន្ន វត្ថុតាងរថយន្ដនិងឈើកំពុងរក្សាទុកបណ្ដោះអាសន្ននៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ស្ដីពីព្រៃឈើ៕
ដោយ ៖ ជីវ័ន្ត