ព័ត៌មានទាន់ហេតុការណ៍៖

ឈប់ដាក់អន្ទាក់សត្វព្រៃ ឈប់ចាប់ ឈប់លក់ ឈប់ទិញ ឈប់បរិភោគ ដើម្បីចេរភាពនៃធនធានធម្មជាតិកម្ពុជា!

ចែករំលែក៖

ខេត្តសៀមរាប ៖ យុទ្ធនាការ«អន្ទាក់សូន្យ»៖ ឈប់ដាក់អន្ទាក់សត្វព្រៃ ឈប់ចាប់ ឈប់លក់ ឈប់ទិញ ឈប់បរិភោគ ដើម្បីចេរភាពនៃធនធានធម្មជាតិកម្ពុជា! ចូលរួមម្នាក់បន្តិចដើម្បីកាត់បន្ថយ ចូលរួមទាំងអស់គ្នាដើម្បីលុបបំបាត់ទាំងស្រុង! ការផ្លាស់ប្តូរឥរិយាបទនៅក្នុងថ្ងៃស្អែកពឹងផ្អែកលើការចាប់ផ្តើមនៅក្នុងថ្ងៃនេះរបស់យើងម្នាក់ៗ! 

តំណាងលោកអភិបាលខេត្ត ចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ«អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា Neth Pheaktra រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមសហការរៀបចំដោយអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ 

ការដាក់អន្ទាក់ចាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិបានធ្វើឱ្យបាត់លំនឹងប្រព័ន្ធអេកូឡូហ្សី និងជីវៈចម្រុះដ៏សម្បូរបែប ហើយថែមទាំងដើរផ្ទុយទៅនឹងការខិតខំប្រឹងប្រែងផ្សេងៗទៀតដែលរាជរដ្ឋាភិបាលនិងអង្គការដៃគូនានាបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីនិរន្តភាពការងារអភិរក្សធនធានធម្មជាតិ។ សកម្មភាពទាំងនេះក៏នាំឱ្យមានបច្ច័យអាក្រក់ផ្សេងៗទៀត ដូចជាការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានយកដី ភ្លើងឆេះព្រៃ និងការជួញដូរសត្វព្រៃខុសច្បាប់ជាដើម។ ការបរិភោគសត្វព្រៃក៏បង្កជាហានិភ័យនៃជំងឺឆ្លងដល់សុខភាពសាធារណៈ ដោយសារសាច់សត្វព្រៃអាចមានផ្ទុកមេរោគ និងវីរុសកាចសាហាវនានាដែលអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយ។ ជាពិសេស សម្រាប់ខេត្តទេសចរណ៍ដូចជាខេត្តសៀមរាប ការជួញដូរនិងការបរិភោគសត្វព្រៃបង្កើតជារូបភាពអវិជ្ជមាននៅក្នុងក្រសែភ្នែកអ្នកទេសចរអន្តរជាតិ ដែលងាយនឹងទទួលរងនូវការរិះគន់ ផ្ទុយទៅវិញ ប្រសិនបើយើងអាចអភិរក្សថែរក្សាបាន វានឹងក្លាយទៅជាភាពទាក់ទាញប្រកបដោយសក្តានុពល ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ជីវភាពសហគមន៍ផងដែរ។#អន្ទាក់សូន្យ ៕

ដោយ ៖ សហការី


ចែករំលែក៖