ព័ត៌មានទាន់ហេតុការណ៍៖

អនុក្រឹត្យស្ដីពីការហាមបិទកញ្ចាក់ខ្មៅ ឬបាំងកញ្ចក់លើរថយន្ត ដែលមើលពីក្រៅចូលទៅក្នុងមិនឃើញ

ចែករំលែក៖

ភ្នំពេញ​៖​ រាជរដ្ឋាភិបាលកម្ពុជា​ បានចេញអនុក្រឹត្យស្ដីពីការហាមបិទកញ្ចាក់ខ្មៅ ឬបាំងកញ្ចក់លើរថយន្ត ដែលមើលពីក្រៅចូលទៅក្នុងមិនឃើញ។ អនុក្រឹត្យនេះ មានគោលដៅកំណត់ អំពីការបិទបន្ទះផ្លាស្ទិកពណ៌ ឬ ការដាក់របាំង វាំងនន បន្ថែមលើកញ្ចក់រថយន្តគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

សូមជម្រាបថា​ គោលបំណង នៃអនុក្រឹត្យនេះ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសដែលបង្កឡើង ដោយជនល្មើសប្រើប្រាស់រថយន្តបិទកញ្ចក់ ពណ៌ ដាក់របាំង វាំងនន ដែលមើលពីក្រៅទៅក្នុងមិនឃើញ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ​ និងបង្កលក្ខណៈងាយស្រួលដល់សា្ថប័ន និងមន្ត្រីមានសមត្ថកិច្ចក្នុងការបំពេញភារកិច្ចត្រួតពិនិត្យ។ 

​ចំពោះ​ជនណាប្រើប្រាស់រថយន្តកញ្ចក់ពណ៌ ដាក់របាំង វាំងននបាំងកញ្ចក់ដែលមើល ពីក្រៅទៅក្នុងមិនឃើញ ធ្វើចរាចរណ៍លើផ្លូវសាធារណៈ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០.០០០ (ប្រាំម៉ឺន)រៀល ហើយត្រូវធ្វើការកែតម្រូវស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។ ក្នុង ករណីមិនបានបង់ប្រាក់ពិន័យភ្លាមត្រូវពិន័យបន្ថែម ចំនួន ១០.០០០(មួយម៉ឺន)រៀល ក្នុងមួយ ថ្ងៃលើប្រាក់ពិន័យមូលដ្ឋាន។

ក្នុងករណីមិនបង់ប្រាក់ពិន័យលើសពី៣០(សាមសិប)ថ្ងៃ ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ ។ 

នៅក្នុង​អនុក្រឹត្យ​នេះដែរ​ ក៏បានបញ្ជាក់ដែរថា​ ជនណានាំចូលរថយន្តកញ្ចក់ពណ៌ ដែលមើលពីក្រៅទៅក្នុងមិនឃើញ ផ្ទុយនឹង បទប្បញ្ញត្តិ នៃអនុក្រឹត្យនេះ ត្រូវពិន័យអន្តការណ៍ជាប្រាក់ចំនួន២.០០០.០០០ (ពីរលាន់)រៀល ហើយត្រូវធ្វើការកែតម្រូវស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ ។ ក្នុងករណីមិនបានបង់ប្រាក់ ពិន័យភ្លាម ត្រូវពិន័យបន្ថែមចំនួន២០.០០០(ពីរម៉ឺន)រៀលក្នុងមួយថ្ងៃលើប្រាក់ពិន័យមូលដ្ឋាន។ ក្នុងករណីមិនបង់ប្រាក់ពិន័យលើសពី៣០ (សាមសិប)ថ្ងៃ ត្រូវបញ្ជូនសំណុំរឿងទៅ តុលាការផងដែរ៕

សូមអានព័ត៍មានលម្អិតនៅក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មានដូចខាងក្រោម​៖

ដោយ៖ សហការី​


ចែករំលែក៖