ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យពីរនាក់ក្នុងចំណោមបក្ខពួក៧នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន ករណីលួចមានស្ថានទម្ងន់ទោស ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០២និង៣០នាទី នៅចំណុចតាមផ្លូវជាតិលេខ២ក្នុងភូមិតាក្តុល សង្កាត់តាក្តុល  ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ អូន ភេទប្រុស  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែក ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១-ឈ្មោះ ស៊ន មករា   ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ទី២-ឈ្មោះ ឡូង មេសា  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ  ។  ដោយឡែកជនសង្ស័យ៥នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។ ក្នុងការឃាត់ខ្លួននេះដែរ នគរបាលបានដកហូតវត្ថុតាង៖ ១-ម៉ូតូមួយគ្រឿងម៉ាក Honda សេ125 សេ៊រីឆ្នាំ២០១៥(របស់ជនសង្ស័យ) ។ ២-ម៉ូតូ០១គ្រឿងម៉ាក Honda scoopy ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១IM-៦៥២៤(របស់ជនរងគ្រោះ)។

ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់ថា៖ នៅពេលខ្លួនកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ២ ហួសផ្លូវកោង ក៏ស្រាប់តែមានម៉ូតូហុងដាឌ្រីម២គ្រឿង និងម៉ូតូនិច២គ្រឿងបានជិះមកបុកម៉ូតូខ្លួន និងធាក់ម៉ូតូបណ្តាលឱ្យដួល ហើយបានដោះមួកការពារយកមកវាយខ្លួន រួចដណ្តើមយកម៉ូតូ ពេលនោះខ្លួនបានប្រតាយប្រតប់ដណ្តើមម៉ូតូពីក្រុមជនសង្ស័យយកមកវិញ ហើយស្រែកថាចោរៗ ធ្វើអោយពួកជនសង្ស័ុយភ័យនាំគ្នាបើកម៉ូតូរត់គេចខ្លួន ពេលនោះក៏ជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍តាក្តុលចេញមកជួយធ្វើអន្តរាគមន៍ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់និងវត្ថុតាងបញ្ជូនមកអធិការដ្ឋានចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរក្រុមជនសង្ស័យបានឆ្លើយសារភាពថា៖ ក្រុមគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូជនរងគ្រោះខាងលើប្រាកដមែន តែនៅក្រុងតាខ្មៅទើបប្រព្រឹត្តលើកទី១នេះទេ ចំណែកនៅភូមិសាស្រ្តក្រុងភ្នំពេញ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ក្រុមគាត់ធ្លាប់ធ្វើសកម្មភាពជាច្រើនដងមកហើយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖