ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ និង២៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរ ដោយសង្ស័យថាពុលស្រា.ស​ ពេលកំដរសព​អ្នកជិតខាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បុរសម្នាក់ស្លាប់ និង២៧នាក់ទៀតកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ក្រោយចូលរួមកំដរបុណ្យសពលោកតាឈ្មោះ ស៊ុង ម៉ើយ មានជន្មាយុ៨៨ឆ្នាំ ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី០១ ខែមិថុនា​ ឆ្នាំ២០២៣។ 

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសហការជាកម្លាំងផ្នែកនគរបាលយុតិ្តធម៌ ពិនិត្យវិភាគកន្លែងកើតហេតុស្រុកក្រគរ ពេទ្យខេត្ត ពេទ្យឃុំ មេឃុំ មេភូមិ បានចុះដល់កន្លែងកេីតហេតុពិនិត្យ​ និងធ្វេីកំណត់ហេតុបំភ្លឺជុំវិញកន្លែងកេីតហេតុ ។ 

យោងតាមការបំភ្លឺរបស់ឈ្មោះ​ សុង ម៉យ ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាកូននៃសពលោកតា ស៊ុង ម៉ើយ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២ថ្ងៃត្រង់​ ផ្ទះរបស់លោកបានរៀបចំពិធីបុណ្យសពជូនលោកពុកឈ្មោះ ស៊ុង ម៉ើយ ដោយតាមទម្លាប់អ្នកស្រុកស្រែចំការ​ គឺតែងតែមានបងប្អូនអ្នកជិតខាង មកចូលរួមកំដរសព ទើបខ្លួនបានមកទិញអីវ៉ាន់ និងស្រា.សដើម្បីទទួលភ្ញៀវដូចធម្មតា លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩និង០០នាទី មានឈ្មោះ ហ៊ុំ ហ៊ត ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានចូលរួមកំដរបុណ្យសពបានស្លាប់ និងមានមនុស្សចំនួន ២៧នាក់ទៀត មានអាការៈមិនស្រួលខ្លួនខ្លះធ្ងន់ធ្ងរ ខ្លះទៀតក៏ស្រាល ក្នុងនោះមាន ២២នាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និង៦នាក់ទៀតទៅមន្ទីរពេទ្យខេត្ត ។ 

យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះ ឆុង សាម៉ុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ជាអ្នកយកស្រា.សមកលក់បន្ត រស់នៅក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអោយដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទី ខ្លួនបានទិញស្រា.សចំនួន ០៧កាន ពី ឈ្មោះ ឌឿន សៀន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ពោធិ៍សាត់។ លុះដល់ម៉ោងប្រហែល ១៥និង៣០នាទី មានឈ្មោះ ម៉ើយ ម៉យ ភេទប្រុស អាយុ ៤៥ឆ្នាំ ដែលត្រូវជាកូនសពពូ ស៊ុង ម៉ើយ បានមកទិញអីវ៉ាន់ និងស្រា.សចំនួន៣០លីត្រ ដើម្បីទទួលភ្ញៀវ លុះដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទី ទើបខ្លួនដឹងថា មានគេពុលស្រា.សស្លាប់ ចំពោះស្រា.សនេះខ្លួនបានទិញពីឈ្មោះ ឌឿន សៀន មកលក់បន្តរយៈពេល១ឆ្នាំមកហើយ។

យោងតាមកំណត់ហេតុបំភ្លឺ ឈ្មោះ ឌឿន សៀន  ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ពោធិ៍សាត់ ជាអ្នកបិតស្រា.ស បានអោយដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទី ខ្លួនបានលក់ស្រា.សអោយទៅឈ្មោះ ឆុង សាម៉ុន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន០៧កាន លុះដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី ទើបខ្លួនដឹងថា មានគេពុលស្រា.សស្លាប់​ ចំពោះមុខរបរបិតស្រា.សនេះខ្លួនបានបើកដំណើរជាង៣០ឆ្នាំមកហើយ វិធីបិតដាក់អង្ករកាច់ជាមួយមេដំបេរចាក់ទឹកទុករយៈពេល៧ថ្ងៃ ទើបយកមកដាំបង្ហូរបានចំនួន៣កាន។ 

លោកអធិការ​ បានបន្តថា សព មានឈ្មោះ ហ៊ុំ ហ៊ត ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរខេត្តពោធិ៍សាត់ ។ ក្រោយពិនិត្យសព ​និងតាមការបំភ្លឺជុំវិញកន្លែង​កេីតហេតុរួចមក ក្រុមការងារ​យើងអាចសន្និដ្ឋានបានថា ករណីខាងលើពុំពាក់ព័ន្ធករណីឃាតកម្មទេនិងធ្វើកំណត់ហេតុប្រគល់សាកសពអោយទៅគ្រួសារ ដេីម្បីធ្វេី​បុណ្យ​តាម​ប្រពៃណី​៕

ដោយ​៖សហការី​


ចែករំលែក៖