ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចាស់ទេីបចេញពីពន្ធនាគារ និងឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេញតាមចាប់ឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បា​នដេញតាមប្រមាញ់​ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់​ ដែលជាមុខសញ្ញាចាស់ទេីបចេញពីពន្ធនាគារ និងឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។ 

ប្រភពដដែលបន្តថា​ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវលេខ៧៨មុខអាគារThe Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃេីញជន​សង្ស័យជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរស​រងគ្រោះ (ជាជនជាតិចិន) ដែលកំពុងតែដេីរបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចផ្លូវ២១៧​ សង្កាត់​អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ឈ្មោះ​ ខេត​ វណ្ណឌី​ ហៅ​ កណ្តុរ​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជនជាតិខ្មែរ(បិទគូទ)។ រីឯជនសង្ស័យម្នាក់ទៀតដែលជាជនដៃដល់​ បានជិះរត់គេចខ្លួនបាត់។ 

ចំណែក​សម្ភារៈ​ដកហូតមាន៖ ម៉ូតូម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1KD-1192(របស់ជនសង្ស័យ)។ 

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីកសាងចាត់ការតាមនីតិវិធី៕

ដោយ​៖ សហការី​


ចែករំលែក៖