ព័ត៌មានទាន់ហេតុការណ៍៖

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិបាន គឺអាស្រ័យដោយសារមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិបាន គឺអាស្រ័យដោយសារមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ៖ សូមចូលរួមសម្តែងនូវការអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំងអស់ក្នុងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលទទួលបានជោគជ័យមួយកម្រិតបន្ថែមទៀតនៅក្នុងជីវិតសិក្សា ជាពិសេសសមិទ្ធផលថ្ងៃនេះអាចសម្រេចទៅបានអាស្រ័យដោយតួអង្គ ៣ ដែលជាប្រតិបត្តិករសំខាន់ ដោយបូករួមនឹងតួអង្គគាំទ្រសំខាន់ ១។ តួអង្គដែលជាប្រតិបត្តិករទាំង ៣ គឺ៖ ១. សាមីខ្លួនដែលជានិស្សិតជ័យលាភី, ២. អាណាព្យាបាល ឪពុកម្តាយ ក្រុមគ្រួសារ និង៣. គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងគ្រឹះស្ថានសិក្សា បូករួមនឹងតួអង្គគាំទ្ររួម គឺរាជរដ្ឋាភិបាលដែលជាអ្នកបង្កលក្ខណៈតាមរយៈការផ្តល់នូវបរិយាកាសសុខសន្តិភាព និងស្ថិរភាពអនុគ្រោះដល់ការសិក្សារៀនសូត្រ។ មួយវិញទៀត គ្រឹះស្ថានសិក្សា អាចសម្រេចបាននូវការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិបាន គឺអាស្រ័យដោយសារមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ។

 លោក បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា, ឱកាសដែលនិស្សិតជ័យលាភី និងក្រុមគ្រួសារទទួលបាននាពេលនេះ គឺជាផ្លែផ្កានៃគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានបើកចំហរឱ្យវិស័យឯកជនអាចចូលរួមចំណែកក្នុងការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏បានផ្តល់នូវជម្រើសសម្បូរបែបសម្រាប់និស្សិត ក្នុងការចាប់យកជំនាញ និងបំពេញតម្រូវការតាមទីផ្សារការងារ។ ប្រទេសអាចអភិវឌ្ឍន៍រីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស។ ដូច្នេះ ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺអាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ។ ដោយឡែក ងាកមកទិដ្ឋភាពសម្រាប់ប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ គឺការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា, បន្ថែមលើភាពជោគជ័យដែលទទួលបានក្នុងថ្ងៃនេះ សូមនិស្សិតជ័យលាភីទាំងអស់បន្តបេសកកម្មនៃជីវិតរបស់ខ្លួន តាមរយៈការកសាងក្រុមគ្រួសារប្រកបដោយសុភមង្គល, បំពេញតួនាទីជាពលរដ្ឋគំរូ និងជាពិសេសបន្តការតស៊ូព្យាយាមប្រឹងប្រែងទ្វេដងឆ្ពោះទៅកាន់វិបុលភាព និងសម្រេចក្តីស្រមៃរបស់ខ្លួនក្រោមម្លប់នៃសុខសន្តិភាព និងឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយៈការខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង។ បច្ចុប្បន្ន គឺនិស្សិតទាំងអស់សម្រេចបាននូវចំណេះដឹងផ្នែករឹង ដែលជាមូលដ្ឋាននៃការត្រិះរិះពិចារណា និងជំនាញសម្រាប់ប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែក៏ត្រូវបន្តអភិវឌ្ឍន៍ជំនាញផ្នែកទន់បន្ថែម ដូចជាផ្នែកសីលធម៌ និងគុណធម៌។ គន្លឹះនៃភាពជោគជ័យសម្រាប់យកទៅអនុវត្ត គឺសូមប្រកាន់ប្រកាន់ផ្នត់គំនិតដូចស្មៅ ដើម្បីយើងអាចបន្តរីកចម្រើនទៅមុខ ពីព្រោះ៖ ១. ស្មៅមិនខ្ពស់ទេ ប៉ុន្តែអាចដុះលើកំពូលភ្នំ ដូច្នេះគួរដាក់ខ្លួនឱ្យទាប ហើយរក្សា និងបង្កើតទំនាក់ទំនងក្នុងសង្គម ដោយកុំអត្តនោម័តនិយម និងកុំតួឯកនិយម, ២. ស្មៅមានភាពធន់ និងខិតខំប្រឹងរស់ ហើយការងារ គឺដូចគ្នា ពីព្រោះយើងមិនអាចជោគជ័យគ្រប់ពេលនោះទេ និងមានឧបសគ្គច្រើនណាស់ និង៣. ស្មៅមិនខ្វល់អំពីបរិស្ថានជុំវិញ ហើយតែងខិតខំបន្តរីកលូតលាស់ដោយមិនប្រៀបធៀបខ្លួននឹងអ្នកជុំវិញ៕

ដោយ ៖ សិលា


ចែករំលែក៖