ព័ត៌មានទាន់ហេតុការណ៍៖

ឃើញវ៉ាលិសអណ្ដែតលើទឹកចូលទៅឆែកមើលឃើញសាកសពមនុស្សសង្ស័យករណីឃាតកម្ម

ចែករំលែក៖

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋប្តីប្រពន្ធ២នាក់ ចែវទូកបណ្តែតមង បានប្រទះឃើញវ៉ាលិសមួយអណ្ដែតលើទឹក ចូលទៅឆែកមើលស្រាប់តែឃើញសាកសព បង្កការផ្អើលឆោឡោដល់សមត្ថកិច្ចចុះពិនិត្យដោយសង្ស័យថា ជាករណីឃាតកម្ម។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមាត់ច្រាំងទន្លេ ភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា សាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិចិន ។ វត្ថុតាងចាប់យក៖ វ៉ាលិសពណ៌ខ្មៅ ចំនួន០២ ទំហំតូច០១ និងធំ០១។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះ ប៊ន ចន្ទ័ណាវី ភេទ ស្រី អាយុ៣៣ឆ្នាំ និងប្តីឈ្មោះ ចាន់ មករា ហៅ ឌាំង មុខរបរនេសាទត្រី រស់នៅភូមិ ពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានឆ្លើយបំភ្លឺថា៖ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ វេលា

ម៉ោង ២០ រូបខ្លួន០២នាក់ប្តីប្រពន្ធបាននាំគ្នាចែវទូកបណ្តែតមងនៅតាមដងទន្លេ  លុះចែវទូកមកដល់ចំណុចបណ្តែតមងត្រង់ចំណុចខាងជើងផ្ទះចម្ងាយប្រហែល ១០០០ម៉ែត្រ បានប្រទះឃើញវ៉ាលិស ពណ៌ខ្មៅចំនួន០១ នៅលើគោកជាប់មាត់ច្រាំងទន្លេ ។ បន្ទាប់មករូបខ្លួន ទាំង០២នាក់ប្តីប្រពន្ធ បានចែវទូកចូលទៅមើល  ដោយក្នុងនោះ រូបខ្លួនជាប្រពន្ធបានរូតវ៉ាលិសបង្ហើបមើលបន្តិច បានឃើញវត្ថុក្នុងវ៉ាលិសដូចជាស្បែកកង្កែប និងពោះវៀនមាន់  រួចមករូបខ្លួន និងប្តីបាននាំគ្នាចែវទូកត្រលប់មកផ្ទះវិញមក។

លុះដល់ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៧ព្រឹក រូបខ្លួនឈ្មោះ ប៊ន ចន្ទ័ណាវី និងប្អូនថ្លៃឈ្មោះ ចាន់ លីហ្សា ភេទ ស្រី អាយុ១៣ឆ្នាំ បាននាំគ្នាដើរពីផ្ទះមកមើលវ៉ាលិសដែលបានឃើញពីថ្ងៃមុន លុះពេលមកដល់រូបខ្លួននិងប្អូនថ្លៃស្រីបាននាំគ្នាចុះទៅមើល និងរូតវ៉ាលិសនោះមើល ស្រាប់តែឃើញសាកសពមនុស្សនៅក្នុងវ៉ាលិស  រួចខ្លួនបានក្រឡេកមើលឃើញវ៉ាលិសតូចមួយទៀតនៅក្នុងព្រៃ។ បន្ទាប់មករូបខ្លួនបានរូតមើលវ៉ាលិសនោះទៀត បានឃើញសម្លៀកបំពាក់នៅក្នុងវ៉ាលិសប្រឡាក់ឈាម និងឃើញក្រដាសជូតមាត់ប្រឡាក់ឈាម ។ បន្ទាប់ពីឃើញដូច្នេះ រូបខ្លួនបានរាយការណ៍ប្រាប់កម្លាំងប្រជាការពារ ។  ក្រោយមកបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ និងកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសខេត្ត ចុះមកកន្លែងកើតហេតុធ្វើការពិនិត្យសាកសព។

បច្ចុប្បន្នកម្លាំងជំនាញខេត្តកំពុងធ្វើកោសល្យវិច័យលើសាកសព៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖