ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជិត៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត២០០គីឡូក្រាម

ចែករំលែក៖

ភំ្នពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និង​ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជិត៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត២០០គីឡូក្រាម។ នេះបេីយោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃអាទិត្យទី០៤​ ខែមិថុនា​ ឆ្នាំ​២០២៣។ 

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៥និង២០នាទី កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម្ភ , លោកវរសេនីយ៍ឯក ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារង នៃអាយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបបទល្មើស ០២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សាំងយ៉ុង ភេទប្រុស ជនជាតិរៀតណាម​ និងគ្រឿងញៀនជិត៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត២០០គីឡូក្រាម។

គោលដៅទី១ ៖ តាមបណ្ដោយផ្លូវR១២ គម្រោង៨ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង កេតាមីន៩៨២ក្រាម ។

គោលដៅទី២ ៖ ផ្ទះលេខ៤៨ ផ្លូវលេខ០២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង MDMA ៣១៤៤៩,៨០ក្រាម,  មេតំហ្វេតាមីន ៤២០៤,៤៨ក្រាម ,  កេតាមីន ៧១០ក្រាម, នីមេតាហ្សេប៉ាម ៣៤ក្រាម, សារធាតុមិនច្បាស់ ១៦៦៥៨៥ក្រាម និងឧបករណ៍សម្រាប់កែច្នៃ វេចខ្ចប់មួយចំនួន។

វត្ថុតាងពីរគោលដៅសរុបរួមមាន៖ 

-សារធាតុញៀន ទម្ងន់ ៣៧៣៨០,២៨ក្រាម (៣៧គីឡូក្រាម ៣៨០,២៨ក្រាម)។ 

-សារធាតុមិនច្បាស់ ទម្ងន់ ១៦៦៥៨៥ក្រាម (១៦៦គីឡូក្រាម ៥៨៥ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

ដោយ​៖ សហការី​


ចែករំលែក៖