ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់​ខ្លួន​ជនសង្ស័យម្នាក់ ​ករណី​លួចគោវះសាច់យកទៅលក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កំពូលមហាចោរមួយរូបលួចគោក្របីដឹកទៅសម្លាប់វះយកសាច់ អស់លក្ខណ៍ត្រូវគេក្របួចជាប់ខណៈដែលកំពុងតែជិះម៉ូតូដឹកសាច់ភ្លៅយកទៅលក់។

ការឃាត់ខ្លួនចោរលួចគោរបស់អ្នកភូមិនោះបានធ្វើឡើងនៅវេលាម៉ោង១៦និង៤៥នាទីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៣ក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯក ទេស ភាលាភ អធិការស្រុកសេសានបានឲ្យដឹងនារសៀលថ្ងៃទី៤មិថុនានេះថា នៅវេលាម៉ោង១៥ ថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានរាយការណ៍ប្តឹងទៅនគរបាលស្រុកសេសាន ករណីបាត់គោ ហើយប្រទះឃើញសត្វគោត្រូវគេសម្លាប់វះយកសាច់។

ភ្លាមៗនោះនៅវេលាម៉ោង១៦និង៤៥នាទីកម្លាំងប៉ុស្ដិ៍នគរបាលឃុំកំភុន សហការជាមួយប្រជាការពារ ក្រោមការដឹកបញ្ជាពីជំនាញព្រហ្មទណ្ឌស្រុកសេសាន បានធ្វើការឃាត់ជនសង្ស័យភ្លាមៗដែរ។

ជនសង្ស័យឃាត់ខ្លួននោះឈ្មោះ ឡុង ហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើតភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

មកស្នាក់នៅ បច្ចុប្បន្នភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ហើយបានលួចវះផ្នែកភ្លៅគោចំនួន៣ភ្លៅដឹកតាមម៉ូតូសំដៅចេញទៅលក់នៅអូរពងមាន់ ។

លោកអធិការបន្តថាមុខសញ្ញានេះកម្លាំងយើងតាមដាន និងឃ្លាំមើលយូរមកហើយក្រោយការចាប់ខ្លួនកម្លាំងនគរបាលបាន ចាប់យកវត្ថុតាងរួមមាន ៖ សាច់គោ៣ភ្លៅ ម៉ូតូស្មាស់១គ្រឿងគ្មានស្លាកលេខគ្មានអាវ កាំបិតស្នៀត ១ដើមដងជ័រពណ៌ស ស្រោមពណ៌ខៀវ កាំបិតហាន់បន្លែ១ដើមដងជ័រពណ៌ខ្មៅ ពូថៅដងឈើ១ដើម ខ្សែចងគោពណ៌ស៣ខ្សែ ការ៉ុង៣ ថង់ប្លាស្ទិចធំ១។

ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចវះយកសាច់គោរបស់គេពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖