ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ «ការយល់ដឹងពីធនធានធម្មជាតិ និងជីវៈចម្រុះ គឺជាមូលដ្ឋានចាំបាច់ សម្រាប់មាតាបិតា ព្រមទាំងកុមារគ្រប់រូបក្នុងការបណ្តុះស្មារតី និងឆន្ទៈ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ»។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៤ ទិវាកុមារ អន្តរជាតិ ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និង ទិវាកុមារកម្ពុជា ឆ្នាំ២០២៣ និងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ និងកុមារតូច វិស័យបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ដល់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស នៅសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ខេត្តកំពង់ធំ នាថ្ងៃច័ន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដែល រៀបចំឡើងក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តកំពង់ធំ អង្គការរីខូហ្វ និងមូលនិធិហេនរេចបូល។
គោលបំណងសំខាន់ៗនៃការរៀបចំកម្មវិធីនេះ គឺដើម្បី៖
-បណ្តុះស្មារតី និងឆន្ទៈស្រឡាញ់បរិស្ថាន ដល់កុមារតូចៗដែលជាអ្នកបន្តវេនដឹកនាំវ័យក្មេង ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ
-បំផុសភាពក្លាហានរបស់កុមារ ក្នុងការបង្ហាញចេញនូវការយល់ដឹងពីកំណើត អំពីគុណតម្លៃ សារៈសំខាន់ និងគុណប្រយោជន៍របស់បរិស្ថានចំពោះការរស់នៅប្រចាំថ្ងៃ
-បង្កើនភាពស្និទ្ធស្នាលរវាង មន្ត្រីរាជការ ប្រជាសហគមន៍ រួមជាមួយនឹងកុមារតូចៗដែលជាទំពាំងស្នងឫស្សី។
នៅក្នុងកម្មវិធីមានការដាក់បង្ហាញនូវសកម្មភាពនានាសម្រាប់កុមារា កុមារី មាតាបិតាទស្សនាស្វែងយល់អំពីកិច្ចគាំពារបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ វីដេអូខ្លីៗពាក់ព័ន្ធនឹងការអប់រំបរិស្ថាន ណែនាំអំពីការគ្រប់គ្រងនិងបែងចែកសំរាម ការថែរក្សាសុខភាពមាត់ធ្មេញ ការបង្ហាញម៉ូតសម្លៀកបំពាក់ការងារដោយកុមារ និងមានរៀបចំស្តង់សម្រាប់កុមារលេងកំសាន្ត ដូចជាបោះបាល់ អំណាន ផាត់រូបដោយសេរី និងឆ្លើយសំណួរយករង្វាន់៕
ដោយ៖ សហការី