ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសម្រេចដោះលែងអ្នកម៉ៅការសំណង់និងគូកនពីបទ.រំលោភលើទំនុកចិត្ត និងឆបោក ក្នុងទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចធ្វើការដោះលែងអ្នកម៉ៅការសំណង់ម្នាក់ និងគូកន ឲ្យនៅក្រៅឃុំ តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពាក់ព័ន្ធលើបណ្តឹងរំលោភលើទំនុកចិត្ត និងបទ ឆបោក ដែលមានទំហំទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក ។ 

សូមជម្រាបថា ៖ អ្នកម៉ៅការសំណង់ធនាគារជាតិ និងគូកនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅតុលាការកាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត និងបទ.ឆបោក ដែលមានទំហំទឹក ប្រាក់ប្រមាណជិតកន្លះលានដុល្លារអាមេរិក ។ ជនសង្ស័យម្នាក់ឈ្មោះ កែវ ស៊ុនហេង ភេទប្រុស អាយ៤២ ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ មានទីលំនៅផ្ទះលេខ៥E0 សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ ពិសិដ្ឋ ម៉ារ៉ាឌីន ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះ៩១៣ D ផ្លូវបេតុង២ បុរី១០០ ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដើមចមនៃការនាំខ្លួនជនសង្ស័យទាំង២ នាក់ខាងលើទៅតុលាការ ត្រូវបានគេដឹងថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ TRAN VANTOAN ជាជនជាតិវៀតណាម បានទៅប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅលើឈ្មោះ កែវ ស៊ុនហេង និងឈ្មោះ ពិសិដ្ឋ ម៉ារ៉ាឌីន ពីបទ.រំលោភទំនុកចិត្ត និងឆបោក ។ ក្រោយពីមានពាក្យបណ្តឹងសមត្ថកិច្ច ក៏បានកោះហៅចុងចោទឲ្យចូលឆ្លើងបំភ្លឺដំណើររឿងលើពាក្យបណ្តឹងនោះ ប៉ុន្តែជនសង្ស័យបានគេចវេស មិនចូលខ្លួនតាមការកោះហៅនោះទេ ។ បន្ទាប់មកទើបសមត្ថកិច្ចបានស្នើសុំទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបញ្ជាឲ្យជនសង្ស័យចូលខ្លួន រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ ដោយខ្លាចខូចប្រយោជន៍ជនរងគ្រោះសមត្ថកិច្ចក៏បានទៅនាំខ្លួនជនសង្ស័យ ប្រគល់ជូនស្ថាប័នអយ្យការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ភាគីខ ជនរងគ្រោះ បានព្រមព្រៀងចុះកិច្ចសន្យាទទួលធ្វើការដោយផ្តល់ជាកម្លាំងពលកម្ម សម្រាប់សាងសង់សំណង់ជាមួយភាគីក “អ្នកម៉ៅការ” ចំនួន១០ គម្រោង រួមទាំងធនាគារជាតិផងដែរ ដែលគម្រោងនីមួយៗគឺមានទំហំទឹកប្រាក់ខុសគ្នា ។ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងគ្នាហើយ ភាគីក បានយល់ព្រមឲ្យភាគីខ រកកម្លាំងពលកម្មសម្រាប់ធ្វើការសាងសង់សំណង់ទាំង១០គម្រោងនោះ ដោយមានការជឿទុកចិត្តលើភាគីក ដើមបណ្តឹងបានបំពេញកាតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែភាគីកខាងអ្នកម៉ៅការ”ជនសង្ស័យ”វិញទេ ដែលមិនបានគោរពតាមការព្រមព្រៀងនោះ ពោលគឺនៅជំពាក់ប្រាក់ភាគីខ “ដើមបណ្តឹង” ៣៨៩.៩៩១ដល្លារ  ព្រមទាំងប្រាក់កំរៃជើងសារផ្សេងទៀត ។ 

អង្គហេតុដូចបានរៀបរាប់ខាងលើនេះហើយ ទើបត្រូវបានជនរងគ្រោះប្តឹងឲ្យសមត្ថកិច្ចនាំខ្លួន អ្នកម៉ៅការសំណង់និងគូកនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖