ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យប្រជាជនខ្មែរត្រូវពង្រឹងវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដោយចេះកត្តញូចំពោះឪពុក-ម្តាយដែលជាអ្នកមានគុណរបស់ខ្លួន ហើយនៅពេលចាស់ជរាត្រូវមើលថែទាំពួកគាត់ឲ្យបានល្អ ខណៈនៅប្រទេសផ្សេងមនុស្សចាស់ត្រូវបានគេយកទៅទុកនៅមណ្ឌលមនុស្សចាស់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ១៨៣៥ នាក់។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា នៅប្រទេសផ្សេងៗដូចជា ប្រទេសជប៉ុន មនុស្សចាស់មានចំនួនច្រើនជាងក្មេង ហើយក្មេងមិនមានពេលគ្រប់គ្រាន់សម្រាប់មើលថែទាំ ទើបកូនៗត្រូវយកឪពុក-ម្តាយរបស់ខ្លួន ទៅដាក់នៅមណ្ឌលមនុស្សចាស់។ សម្តេចតេជោ បន្តថា បញ្ហានេះ ជប៉ុនបានយកពលករពីបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងទៅធ្វើការងារនៅមណ្ឌលមនុស្សចាស់ទៀតផង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា អនាគតប្រទេសកម្ពុជា ក៏នឹងមានមនុស្សចាស់ច្រើនជាងក្មេងដែលនឹងវិវត្តទៅដូចប្រទេសជប៉ុនដែរ ដូចនេះគួរពង្រឹងវប្បធម៌នៃការគោរពទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្លួន ដោយប្រជាជនខ្មែរត្រូវមើលថែទាំឪពុក-ម្តាយវិញ នៅពេលដែលពួកគាត់ចាស់ជរា។ សម្តេចតេជោបញ្ជាក់ថា សូមកុំឱ្យដូចពាក្យមួយថា ម៉ែ-ឳ ចិញ្ចឹមកូន ១០នាក់រស់ កូនតែម្នាក់ចិញ្ចឹមម៉ែ-ឳមិនរស់។ ដើម្បីជាភាពកតញ្ញូ កូនៗទាំងអស់ត្រូវតបស្នងសងគុណឳពុក-ម្តាយវិញប្រកបដោយគន្លងធម៌។
សម្តេចតេជោ ក៏បានលើកឡើងលើវិស័យប្រព័ន្ធយុត្តិធម៌ ដោយសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កុំនិយាយឡើយដល់វិស័យយុត្តិធម៌ គឺអ្វីៗទាំងអស់បានស្លាប់ក្នុងសម័យប៉ុលពត ប៉ុន្ដែត្រូវបានរស់ឡើងវិញក្រោយពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍។
សម្តេចតេជោ បានបញ្ជាក់ថា អ្វីៗក៏ដោយ ការកែទម្រង់៩៩រស់ មិនកែទម្រង់៩៩ងាប់ រាប់តាំងការកែទម្រងវិស័យនានា និងប្រព័ន្ធតុលាការនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីកំណែទម្រង់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៣ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ ហើយមកដល់សព្វថ្ងៃនេះប្រព័ន្ធយុត្តិធម៌ និងតុលាការរបស់កម្ពុជា គឺត្រូវការធ្វើកំណែទម្រង់បន្តទៀត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគ បានផ្ដល់ភាពងាយស្រួល ក្នុងការផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ ដូច្នេះឱកាសបង្កើតសាលាឧទ្ធរណ៍ ក៏មានតម្រូវការក្នុងការផ្ដល់ក្របខណ្ឌមន្រ្ដីយុត្តិធម៌បន្ថែមផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តដល់រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ដែលរួមគ្នាបង្កើតអគារអន្ដេវាសិកដ្ឋាន នៅទីតាំងអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ខណៈទីនេះមានផ្ទៃដីជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាប់។
សម្តេចតេជោ បានថ្លែង កោតសរសើរដល់បណ្ដាក្រសួងស្ថាប័នរបស់រដ្ឋនាពេលបច្ចុប្បន្ននេះ ដែលបានគិតគូរបានល្អ ដោយបានបង្កើនសាលារៀន និងកន្លែងបណ្ដុះបណ្ដាលដោយផ្ទាល់ដល់សិស្សមន្រ្ដី និងនិស្សិត នៅតាមក្រសួង ស្ថាប័នរបស់ខ្លួន៕
ដោយ ៖ សហការី