ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សូមប្រយ័ត្ន កុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេសចូលមកប្រទេសវៀតណាម ហើយបើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជាពីព្រោះថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងបត្យាប័នជាមួយគ្នា។ សម្តេចតេជោថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃពុធទី៧ ខែមិថុនា ឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំងចូលមកវៀតណាម តែពួកគេទាំងនោះមានដីការដើម្បីចាប់ខ្លួនរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទណ្ឌិតក្បត់ជាតិរូបនោះ បានប្រកាសផែនការចូលមកប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាមក្នុងនាមជាអ្នកទេសចរ ប្រើប្រាស់លិខិតឆ្លងដែនបារាំង ។
សម្តេចតេជោ ហ៊ុនសែន បានទទួលបានព័ត៌មានថា ក្រុមក្បត់ជាតិទាំងនោះ ដើម្បីតែចង់ឌឺដង និងចង់ឲ្យសម្តេចខឹងបាន ប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំងចូលទឹកដីប្រទេសវៀតណាមក្នុងនាមអ្នកទេសចរណ៍។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសផ្តាំទៅក្រុមប្រឆាំង និងក្រុមវិភាគមួយក្តាប់តូចផងដែរថា ការដែលសម្តេចគំរាមប្រើប្រាស់កាំភ្លើងធំបាញ់កម្ទេចជនក្បត់ជាតិទាំងនោះ គឺដោយសារតែក្រុមបក្សពួកទាំងនោះប្រកាសចង់ធ្វើសង្រ្គាមជាមួយសម្តេច តាមរយៈការញុះញង់ និងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែកាណុងកាំភ្លើងមករកសម្តេច ដូច្នេះដើម្បីការពារមិនឲ្យប្រទេសមានសង្រ្គាម ត្រូវតែកម្ទេចមេបក្សពួករបស់វាមុន៕
ដោយ ៖ សហការី