ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកដំបូងក្រោយរយៈពេល៧ឆ្នាំ ស្ថានទូតអ៉ីរ៉ង់ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបើកទ្វារឡើងវិញ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា អ៉ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកស្ថានទូតរបស់ខ្លួនឡើងវិញក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាផ្លូវការហើយ បន្ទាប់ពីប្រទេសទាំង២សម្រេចបាននូវកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតជាថ្មី ក្រោមការសម្របសម្រួលពីទីក្រុងប៉េកាំង។
ពិធីសម្ពោធបានរៀបចំឡើងនៅក្នុងបរិវេណស្ថានទូត ដោយមានវត្តមានមន្ត្រីទូតនិងក្រុមមន្ត្រីរាប់សិបនាក់ចូលរួមដើម្បីបើកស្ថានទូតអ៉ីរ៉ង់ឡើងវិញ ប្រចាំទីក្រុងរីយ៉ាដ ក្រោយបិទទ្វារអស់រយៈពេលជាង៧ឆ្នាំមកនេះ។ អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ទទួលបន្ទុកកិច្ចការស្ថានកុងស៊ុល លោក អាលីរ៉េហ្សា ប៊ីកដេលី (Alireza Bikdeli) បានគូសបញ្ជាក់នៅឯពិធីសម្ពោធដូច្នេះថា «យើងចាត់ទុកថ្ងៃនេះគឺជាថ្ងៃដ៏មានសារៈសំខាន់មួយនៅក្នុងទំនាក់ទំនងរវាងសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងអារ៉ាប៊ីសាអ៊ូឌីត។ តំបន់ទាំងមូលនឹងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យ និងរួបរួមគ្នាដើម្បីសម្រេចបាននូវស្ថិរភាព វិបុលភាព និងភាពរីកចម្រើន»។
អ៉ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានព្រមព្រៀងគ្នាស្ដារទំនាក់ទំនងការទូតឡើងវិញ កាលពីខែមីនាកន្លងទៅ ដោយមានការសម្របសម្រួលពីចិន បិទបញ្ចប់ជម្លោះការទូតនឹងគ្នាចាប់តាំងពីឆ្នាំ២០១៦មក និងជាសញ្ញាមួយបង្ហាញពីការកើនឡើងនូវឥទ្ធិពលចិនក្នុងតំបន់មជ្ឈិមបូព៌ា៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TTXVN-VNA)


ចែករំលែក៖