ភ្នំពេញ ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេនបានបន្តជួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាដ អគ្គមេបញ្ជាការ កងទ័ពភូមិន្ទថៃ។
ក្នុងកិច្ចជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដោយផ្ទាល់នៅរាជធានីភ្នំពេញកាលពីឆ្នាំ២០២២នេះ ទោះស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ នៅលើពិភពលោកបន្តមានក៏ដោយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃដែលបានគាំទ្រដល់កងយោធពលខេមរភូមិន្ទនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្រៅពីការបណ្ដុះបណ្ដាល មិត្តថៃបានសហការគ្នាយ៉ាងល្អដើម្បីឱ្យព្រំដែនក្លាយជាព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ កងទ័ពភូមិន្ទថៃ ស្នើឱ្យកងយោធពលខេមរភូមិន្ទបន្តកិច្ចសហប្រតិបត្តិការ និងរួមគ្នារក្សាឱ្យបាននូវព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ ៕
ដោយ ៖ សិលា