ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៤រោច ខែជេស្ឋ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២៣ “Cambodia-Viet Nam Trade Forum 2023”។

វេទិកាពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឆ្នាំ២០២៣ នេះ រៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ជាមួយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ដើម្បីអញ្ជើញអ្នកជំនួញ និងអ្នកវិនិយោគកម្ពុជា-វៀតណាម ទាំងផ្នែកឯកជន ទាំងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីមកពិគ្រោះ ពិភាក្សាគ្នា រិះរកមធ្យោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងវៀតណាម។

នាឱកាសដ៏ប្រពៃនេះ លោក បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសំដៅជំរុញនិងធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោក បានជម្រាបជូនអង្គវេទិកាទាំងមូលនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច ការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងការធានា ការថែទាំការវិនិយោគ ដូចមានចែងនៅក្នុងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ 

លោកបានបញ្ជាក់ផងដែរថា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានឹងចូលជាធរមាននាពេលដ៏ខ្លីខាងមុខ។ លោកក៏បានជំរុញលើកទឹកចិត្តឱ្យអ្នកជំនួញ និងអ្នកវិនិយោគទាំងកម្ពុជា ទាំងវៀតណាម រួសរាន់ចាប់យកឱកាសវិនិយោគនៅកម្ពុជា។ 

លោក សង្ឃឹមយ៉ាងមុតមាំថា វេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាមនេះ នឹងរួមចំណែកពង្រីកនូវទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឱ្យកាន់តែធំបន្ថែមទៀត ព្រមទាំងទទួលបាននូវលទ្ធផលជាវិជ្ជមាន នាពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ជូនផងដែរថា សមាសភាពចូលរួមក្នុងវេទិកាខាងលើ រួមមានឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា, តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម, តំណាងក្រសួងពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនទាំងអ្នកជំនួញ និងអ្នកវិនិយោគ កម្ពុជា-វៀតណាម សរុបប្រមាណជាង ២០០នាក់ ៕

ដោយ ៖ សហការី


ចែករំលែក៖