ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា បុរសជនជាតិឡាវម្នាក់ជាបុគ្គលិកក្រុមហ៊ុនវិនណើស បានស្លាប់ហើយ មានរថយន្តសង្គ្រោះដឹកសពមកតម្កល់នៅក្នុងបរិវេណវត្តបុព្វារាម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ក្នុងបរិវេណវត្តបុព្វារាម (វត្តព្រៃយាយ) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះសូវ៉ាន់ខេម ខាមផេង (SOUVANKHAM KHAMPHENG) អាយុ៤៦ឆ្នាំ ជនជាតិឡាវ មុខរបរបុគ្គលិកក្រុមហ៊ុនវិនណើស កាន់លិខិតឆ្លងដែនលេខ : P2582792 មានទីលំនៅខេត្តហ៊ផេន (HOURPHANH) ប្រទេសឡាវ។
ប្រភពបន្តថា សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកថា នៅក្នុងបរិវេណវត្តបុព្វារាម (វត្តព្រៃយាយ) មានរថយន្តសង្គ្រោះដឹកសពមកតម្កល់ភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានសហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ ចុះទៅដល់ដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យលើសាកសព។
ប្រភពបន្តថា ផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព ការស្តាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ យើងអាចសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ រក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់៕
ដោយ៖ សុថាន