ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបន្តពង្រឹងគោលនយោបាយឧស្សាហកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីពង្រីកការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែច្រើន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងបន្តថា ដំណាក់កាលទី១ សម្រេចបានហើយ និងបន្តពិនិត្យកែសម្រួលបន្តបន្ថែម សម្រាប់ដំណាក់កាលទី២ ដែលកំពុងអនុវត្តនៅពេលនេះ ហើយថ្ងៃក្រោយត្រូវចងជាកាតព្វកិច្ចតែម្តង សម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ដើម្បីមើលដល់សុខទុក្ខរបស់កម្មករកម្មការិនី ពីព្រោះប្រទេសកម្ពុជា មានបំណែកឧស្សាហកម្មគ្រប់ដណ្តប់រហូតដល់ ៣៨% ហើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ផលិតផលក្នុងស្រុកសរុប គឹមានបំណែកឧស្សាហកម្ម មានទំហំធំជាងគេបង្អស់ បើប្រៀបធៀបជាមួយកសិកម្ម និងសេវាទេសចរណ៍ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏គោលនយោបាយឧស្សាហកម្មនឹងបន្តពង្រីកឥតឈប់ឈរ ដូច្នេះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឹផ្តើមចេញពីការយកចិត្តទុកដាកលើការអភិវឌ្ឍបន្តទៀត ក្នុងនោះមានការដោះស្រាយការងារធ្វើ តាមរយៈការជំរុញវិស័យឧស្សាហកម្ម។ 

នាឱកាសនោះ សម្តេចតេជោ ថ្លែងបញ្ជាក់ថា បើទោះបីវិស័យឧស្សាហកម្មអត្ថពលកម្ម ឬឧស្សាហកម្មកែច្នៃផលិតក្នុងស្រុកដែលផលិតវត្ថុធាតុដើមក្នុងស្រុក បូកជាមួយឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដែលត្រូវជាគោលនយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងរយៈពេលកន្លងទៅនេះ។ 

ក្រៅពីនោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើកុំឱ្យមានការរើសអើងទៅលើស្ត្រីដែលធ្វើការក្នុងសេវាកម្មកម្សាន្តដោយថានេះគឺជាមុខរបរមួយដែលមិនអាក្រក់នោះទេ ខណៈស្ត្រីធ្វើការសេវាកម្សាន្តមួយចំនួនក៏បានចូលរួមក្នុងកិច្ចការមនុស្សធម៌ផងដែរ។

 សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលបានយកចិត្តទុកដាក់ជាមួយនឹងការងារគ្រប់វិស័យ ខណៈក្នុងពេលនេះរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ជាមួយនឹងស្ត្រីដែលធ្វើការក្នុងសេវាកម្មកម្សាន្តផងដែរជាមួយនឹងការបង្កើតឲ្យមានប្រធានសមាគមការពារទៅដល់ស្ត្រីធ្វើការសេវាកម្សាន្តនៅតាមខេត្តផងដែរ ដោយឱ្យភរិយារបស់ចៅហ្វាយខេត្តនីមួយៗជាប្រធានតែម្ដង។

សម្ដេចថា៖ «ការដាក់ឲ្យប្រពន្ធធ្វើជាប្រធាននៃស្ត្រីធ្វើការលើសេវាកម្សាន្តគឺដើម្បីកុំឲ្យពួកស្ត្រីជាប្រពន្ធនឹងប្រចណ្ឌប្ដីខ្លាំងពេក»។

ក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនយោបាយ គិតគូរយកចិត្តទុកដាក់លើនារីដែលបម្រើសេវាកម្មកម្សាន្តធានាឱ្យពួកគេមានសុវត្ថិភាពក្នុងម៉ោងការងារ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានគំនិតក្នុងការផ្តល់មេធាវីការពារនារីបម្រើការងារក្នុងវិស័យសេវាកម្សាន្ត និងផ្តល់បណ្ណ ប.ស.ស. ដល់ពួកគេផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖