ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា, ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ សូមជូនជម្រាបមក លោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ តម្រូវអោយលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម។
ប្រសិនបើលោកមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈនឹងចាត់វិធានទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។
ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ សង្ឃឹមនឹងជឿជាក់ថា លោកពិតជាអនុវត្តតាម សេចក្តីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន ៕
ដោយ ៖ សហការី