ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ម្នាក់ទៅសាលាដំបូងខេត្ត​ពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀល​ថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ​២០២៣​នេះដើម្បីអនុវត្តតាមនីតិវិធីក្រោយពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស​ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តកាលពីវេលាម៉ោង០៨និង៤០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នៅត្រង់ចំណុចភូមិស្លែងថ្មី ឃុំរលួស ស្រុកស្វាយចេក ។  សមត្ថកិច្ចប្រាប់ថា ដោយយោងតាមដើមបណ្ដឹងឈ្មោះ​ អាង ចាន់ណាក់ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្លែងថ្មី ឃុំរលួស ស្រុកស្វាយចេក ។ចំណែកវត្ថុតាង​ កម្លាំងកងរាជអាវុធហត្ថខេត្ត​បានប្រគល់ជូនម្ចាស់ដើមវិញ។ 

ជនសង្ស័យឈ្មោះ​ ខេង ចាន់ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ។ 

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងចាប់បានរួមមាន​៖ ១.កាំបិតខ្វែវគ្មានដងប្រវែង៤៣ សង់ទីម៉ែត្រចំនួន០១ដើម។​ ២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ ផលិតឆ្នាំ១៩៩៧ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។ ៣.ទូរស័ព្ទដៃម៉ាកVIVO Y12 ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង។  

តាមការរៀបរាប់របស់ដើមបណ្តឹងឱ្យដឹងថា​ ជនសង្ស័យបានដើរចូលទៅក្នុងផ្ទះរបស់គាត់ដោយមានកាន់កាំបិតខ្វែវគ្មានដងជាប់នៅនឹងដៃ ធ្វើសកម្មភាពសម្លុតគំរាមគាត់ឱ្យប្រគល់ទូរស័ព្ទទៅឱ្យខ្លួននិងទាមទារលុយបន្ថែមទៀត។ ដោយមានការភ័យខ្លាច គាត់បានរត់ចេញមកក្រៅផ្ទះ ដើម្បីស្រែកឱ្យគេជួយ ពេលនោះជនសង្ស័យក៏បានលួចយកម៉ូតូដែលមានកូនសោជាប់នឹងម៉ូតូស្រាប់ ជិះគេចខ្លួនចេញទៅក្រុងសិរីសោភ័ណ ។​ 

លោកវរសេនីយ៍ទោ ជ័យ​ សុកា​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក​បានឱ្យដឹងថា​៖ ក្រោយពេលកើតហេតុរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករួមនឹងកម្លាំងអធិការដ្ឋានស្រុកស្វាយចេក បានចុះដល់កន្លែងកើតហេតុ ហើយចាប់យកវត្ថុតាង កាំបិត និងស្បែកជើងរបស់ជនសង្ស័យដែលបន្សល់ទុកនៅកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានសហការស្រាវជ្រាវជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ រហូតដល់វេលាម៉ោង០២រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យបានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើនៅចំណុច​ផ្លូវជាតិ៦៧B ស្ថិតក្នុងភូមិថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងចាប់យកវត្ថុតាងដែលប្រព្រឹត្តបទល្មើស ហើយបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ 

លោក​វរសេនីយ៍ឯក​ មែន​ ភិរម្យ​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា​​៖ ដោយមានការអនុញ្ញាតពីស្នងការ ស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន​ ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យជំនាញបានពន្លាតដែនសមត្ថកិច្ចយកជនសង្ស័យពីខេត្តឧត្តរមានជ័យ មកចាត់ការបន្តតាមនីតិវិធី។ 

ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖