សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា សមាជិកសភាជាន់ខ្ពស់ឥណ្ឌូនេស៉ីម្នាក់បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា គណៈកម្មាធិការកញ្ចប់ថវិកានៃសភាឥណ្ឌូនេស៉ី បានអនុម័តថវិកាបន្ថែមចំនួន១៥ទ្រីលានរូពីទៀត ឬស្មើនឹង១.០១ពាន់លានដុល្លារអាមេរិកដើម្បីពន្លឿនដំណើរការសាងសង់រដ្ឋធានីថ្មី នូសាន់តារ៉ា (Nusantara)។
លោក សាអ៉ីដ អាប់ឌុលឡោះ (Said Abdullah) ប្រធានគណៈកម្មាធិការសភាខាងលើ បាននិយាយថា ថវិកា១៥ទ្រីលាននោះនឹងត្រូវប្រើប្រាស់សម្រាប់ការងារសាងសង់ក្នុងឆ្នាំ២០២៣នេះ បន្ថែមពីលើថវិកា២២ទ្រីលានរូពី (១.៥ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានអនុម័តនាពេលកន្លងមក សម្រាប់ការអភិវឌ្ឍរដ្ឋធានី នូសាន់តារ៉ា ដែលមានទីតាំងស្ថិតនៅលើកោះបូណេអូ (Borneo)។ ទីក្រុងហ្សាការតា ដែលជារដ្ឋធានីបច្ចុប្បន្នរបស់ប្រទេសឥណ្ឌូនេស៉ី ស្ថិតនៅលើកោះជ្វា។
ឥណ្ឌូនេស៉ីកំពុងព្យាយាមជំរុញឱ្យការសាងសង់អាចចប់ជាស្ថាពរ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៤ សម្រាប់អគារថ្មីៗរបស់រដ្ឋាភិបាល ដែលរួមមានទាំងវិមានប្រធានាធិបតី និងអគារក្រសួងសំខាន់ៗ ស្របពេលដែលអ្នកបម្រើការងាររដ្ឋ ទាហាន និងប៉ូលិសសរុបយ៉ាងតិច១៦,០០០នាក់ នឹងត្រូវផ្លាស់ទៅកាន់រដ្ឋធានីថ្មី នៅឆ្នាំក្រោយ៕ ដោយ៖ ធីរីណា
រូបថត ៖ Nikkei