ខេត្តពោធិ៍សាត់ ៖ ពាក់កណ្ដាលអធ្រាត្រយប់មិញ ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចេញល្បាតក្នុងភូមិសាស្រ្តដែលជាដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីភូមិឃុំមានសុវត្ថិភាពជូនពលរដ្ឋ បានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងរួមទាំងមធ្យោបាយម៉ូតូ និងវត្ថុតាងកាំបិត ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបឲ្យដឹងថា ជនសង្ស័យក្មេងទំនើងទាំង៣នាក់ត្រូវបានឃាត់ខ្លួនយកមកបន្តនីតិវិធី ត្រង់ចំណុចគល់ស្ពានថ្មត្រើយខាងកើត ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពឲ្យដឹងទៀតថា ជនសង្ស័យជាក្មេងទំនើងទី-១ ឈ្មោះ ថាត ស៊ីណា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ ទី-២ ឈ្មោះ សំណាង មករា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិស្ពានថ្ម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ជាមួយគ្នា និងទី-៣ ឈ្មោះ ម៉ក ម៉ារីណូ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ មានទីលំនៅ ភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា សម្ភារៈជាវត្ថុរួមមានៈ មធ្យោបាយម៉ូតូ១គ្រឿង កាំបិត១ដើម បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង នាំទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន