ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុករបាំងថ្មគល់ស្ពានអាកាស ៥មករាក្រឡាប់ផ្ងារជើងបណ្តាលឱ្យមនុស្សពីរនាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀតបានរងរបួសធ្ងន់និងស្រាលខណៈដែលបើករថយន្តម៉ាកតូយូ៉តាព្រូសមួយគ្រឿងឡើងស្ពានអាកាស៥មករាក្នុងល្បឿនយ៉ាងលឿនហើយរេចង្កូតទៅបុករបាំងថ្មគល់ស្ពានក្រឡាប់ផ្ងារជើង។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចគល់ស្ពានផ្នែកខាងកើតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

     បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយូ៉តាព្រូសពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BE-2426បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន  លុះមកដល់ចំណុចកើតហេតុខាងលើគេពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករាចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់អស់មួយកង់ខ្ទាតចេញពីកន្លែងដើមទៅផ្លូវខាងកើត ចំណែកឯរថយន្តបង្កវិញបានក្រឡាប់ផ្ងារជើងនិងរងរបួសបុរសជាអ្នកបើកបរម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយមន្ទីរពេទ្យឯកជនមួយកន្លែងដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

    បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅខាងមន្ត្រីផ្នែកជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖