ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ៧០

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ៧០។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានដូចខាងក្រោម៖

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រយៈពេល២០ឆ្នាំមកនេះ កងពលតូចលេខ៧០ បានកសាងអគារ និងហេដ្ឋាចរនាសម្ព័ន្ធជាច្រើន ក្នុងនោះក៏បានកសាងនូវកងកម្លាំងដើម្បីថែរក្សា ការពារសុខសន្ដិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។

សម្ដេចតេជោ ថ្លែង​ថា កងពលតូចលេខ៧០ មិនត្រឹមតែជាផ្នែកមួយក្នុងកការថែរក្សាសុខសន្ដិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែបានក្លាយទៅជាកម្លាំងដ៏រឹងមាំកក្នុងការជួយររក្សាសន្តិភាពតាមការស្នើរបស់អង្គការសហប្រជាជាតិនៅបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោកផងដែរ។

សម្តេចតេជោ ប្រកាសថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសុខសន្តិភាព សណ្តាប់ធ្នាប់ជូនដល់ប្រជាជន និងប្រទេសជាតិ។

សម្ដេចតេជោ ថ្លែង​ថា សុខសន្ដិភាព គឺជាបុព្វលក្ខខណ្ឌមិនអាចកាត់ថ្លៃបានក្នុងការអភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យប្រសើរឡើងជីវភាពប្រជាជនប្រចាំថ្ងៃ។

សម្ដេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេ ចំពោះការបន្តពង្រឹង និងពង្រីក ទំនាក់ទំនងនានាក្នុងការពង្រឹងសមត្ថភាពវិស័យកងទ័ពកម្ពុជា ដើម្បីជាខឿនការពារជាតិ។

សម្តេចតេជោ ថ្លែង​ថា គុណបំណាច់យ៉ាងធំធេងរបស់កងយោធពលខេមរភូមិន្ទ មិនអាចបំភ្លេចចោលបានទេ ចំពោះលះបង់ និងពលីកម្មគ្រប់បែបយ៉ាងសម្រាប់បូរណភាពទឹកដីកម្ពុជា។

សម្តេចតេជោ ថ្លែង​កោតសរសើចំពោះការសម្រេចបានយ៉ាងត្រចះត្រចង់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមកថ្មីៗនេះជូនដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នា ខណៈព្រឹត្តិការណ៍ដ៏អស្ចារ្យ និងជាប្រវត្តិសាស្រ្តនេះ បានចូលរួមចំណែកយ៉ាងធំធេងពីគ្រប់ភាគីទាំងអស់ ជាពិសេស គឺកងទ័ពតែម្តង។

យោងតាមរបាយការណ៍បញ្ជាការដ្ឋានកងពលតូចលេខ៧០ បានឱ្យដឹងថា សមិទ្ធ​ដែល​ជា​ចំណងដៃដ៏ថ្លែថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងពលតូចលេខ៧០ រួមមាន៖ 

១៖ អគារន្ទីរពេទ្យ «មរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោម​ចៅ» មានទំហំ ១៥.១០ម៉ែត្រ គុណ ៤៣.៨០ម៉ែត្រ។ មានជម្រៅ ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) កម្ពស់ ០៤ជាន់ ដែលតាមជាន់នីមួយៗមានដូចខាងក្រោម៖

– ជាន់ផ្ទាល់ដីមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យជំងឺទូទៅ បន្ទប់ពិសោធន៍ បន្ទប់អេកូ និងបន្ទប់ឆ្លុះ X-Ray។

– ជាន់ទី១៖ មានបន្ទប់សម្រាកព្យាបាលចំនួន ១១បន្ទប់ និងបន្ទប់ផ្ទុកសម្ភារៈពេទ្យនិងឪសថមាន ចំនួន០២បន្ទប់ សរុប ១៣បន្ទប់

⁃ ជាន់ទី២៖ មានបន្ទប់សំរាកព្យាបាល ចំនួន០៨បន្ទប់ បន្ទប់វះកាត់ ចំនួន០១បន្ទប់ បន្ទប់សន្តំមាន ចំនួន ០១បន្ទប់ សរុប១០បន្ទប់  

⁃ ជាន់ទី៣៖ មានបន្ទប់សម្រាកព្យាបាលជំងឺចំនួន ០៦បន្ទប់ ក្នុងនោះបន្ទប់ VVIP ចំនួន ០១បន្ទប់ និងបន្ទប់ VIP ចំនួន ០៥បន្ទប់ 

២៖ អគារស្នាក់នៅទ័ពពិសេស សាលប្រជុំ ចំណតរថក្រោះ ចំណតឡាន មានទំហំ ១៩ម៉ែត្រ x ៧១.៥០ម៉ែត្រ កម្ពស់ ៤ជាន់។ ជាន់ផ្ទាល់ដីជាចំណតរថក្រោះ, ជាន់ទី១ ជាចំណតរថយន្ត, ជាន់ទី២ ជាបន្ទប់ស្នាក់នៅសម្រាប់កងទ័ពពិសេស, ជាន់ទី៣ ជាសាលប្រជុំធំ ដែលមានបំពាក់ផ្ទាំង LED និងប្រព័ន្ធសម្លេងទំនើប។

៣៖ អគារប្រពៃណីកងពលតូចលេខ៧០ មានទំហំ ១២,៦ម៉ែត្រ x ៤៥ម៉ែត្រ មាន ១ជាន់ផ្ទាល់ដី ដែលមានតាំងបង្ហាញប្រវត្តិ និងស្នាដៃរួមរបស់កងពលតូចលេខ៧០។

៤៖ អគារស្នាក់នៅទ័ពនារី មានទំហំ ១៤ម៉ែត្រ x ៤៦ម៉ែត្រ កម្ពស់ ៣ជាន់ ស្មើនិង​ចំនួន ២០បន្ទប់។

គួរបញ្ជាក់ថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយ​មក​កែ​សម្រួល​​ទៅ​ជាវរ​សេនាធំលេខ៧០ ដែលមានភារកិច្ចការពារថ្នាក់ដឹកនាំជាន់​ខ្ពស់​ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការ​ពារ​ជាតិ។ កងពលតូច​លេខ៧០ ក៏ជា​តម្រួត​យោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យ​សណ្តាប់ធ្នាប់របស់​យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុងភ្នំពេញ៕

ដោយ៖ ស​ តារា


ចែករំលែក៖