ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តម៉ាកឡិចស៊ីសបុកស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅយប់ម៉ិញ ថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅលើកំណាតិផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខប្រេងឥន្ធនៈតេឡា ស្ថិតនៅភូមិធ្លាម្អម ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ បានកើតឡើងរវាងអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្តបណ្ដាលឲ្យមានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត។ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ជិះម៉ូតូម៉ាក WINNER ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1H 0525 ឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ចៃដន្យមានរថយន្ត១គ្រឿងម៉ាកឡិចសុីស កំពុងបោះពួយយ៉ាលឿនក៏ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ។

 ប្រភពព័ត៌មានពីអាជ្ញាធរក្បែរកន្លែងកើតហេតុបានឲ្យដឹងទៀតថា រថយន្តម៉ាក Lexus RX 400 ពណ៌ស ពាក់ស្លាកលេខ ព្រះវិហា 2C 0606 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច ។

មូលហេតុ៖ អ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន ចំណែកអ្នកជិះម៉ូតូក្នុងល្បឿនលឿន បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បច្ចុប្បន្ន សពធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកវត្ថុតាងម៉ូតូ និងរថយន្តប្រគល់ជូនមន្រ្តីនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រង់ចាំបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖