ខេត្តកំពត៖ បើយោងតាមការបង្ហោះសារលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ អំពីឧកញ៉ាដីឡូត៍ម្នាក់ទៀតឱ្យចូលខ្លួនមកដោះស្រាយជាបន្ទាន់ជាមួយពលរដ្ឋក្នុងខេត្តកំពត។ ក្នុងករណីទាំងអស់នេះបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនស្នើដល់អភិបាលខេត្តកំពត គឺលោក ម៉ៅ ធនិន ឱ្យជួយរកដំណោះស្រាយ និងបានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ពីបទឆបោកនិងរំលោភសេចក្តីទុកចិត្តជាបន្តបន្ទាប់ទៅលើឧកញ៉ាដែលជាម្ចាស់ក្រុមហ៊ុន។
គួររំលឹកថា នាពេលថ្មីៗនេះមានការផ្ទុះឡើងនូវការដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទៅលើឧកញ៉ាដីឡូត៍ជាច្រើនពីបទឆបោក និងរំលោភសេចក្តីទុកចិត្ត បន្ទាប់ពីពួកគាត់បានដាក់ប្រាក់វិនិយោគទទួលបានការប្រាក់ខ្ពស់ ហើយក៏មានករណីទិញដីឡូត៍ហើយ តែមិនមានដីក៏មាន។
យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហោះសារជាសាធារណៈ ជាការផ្តាំទៅកាន់លោកឧកញ៉ា នួន អក ដែលជាម្ចាស់គម្រោងដីឡូត៍ “កំពតឋានសួគ៌” ដែលមានទីតាំងស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពតឱ្យចូលខ្លួនមកដោះស្រាយជាមួយប្រជាពលរដ្ឋ។ សារនោះមានខ្លឹមសារថា៖ “លោកឧកញ៉ា នួន អក ប្រជាពលរដ្ឋនៅខេត្តកំពតកំពុងរង់ចាំជួបលោកដោះស្រាយ ស្រូតមកជួបពួកគាត់ឆាប់ៗ កុំចាំដល់ខ្ញុំអញ្ជើញលោក”។
តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ករណីឆបោកប្រជាពលរដ្ឋរបស់ឧកញ៉ាដីឡូត៍មួយចំនួន ប្រជាពលរដ្ឋបានមកដាក់ពាក្យបណ្តឹងជាបណ្តើរៗហើយ។ ជាមួយគ្នានេះដែរ បន្ទាប់ពីមានការដោះស្រាយករណីឧកញ៉ាដីឡូត៍ ជា សារ៉ន រួចមក ដល់ពេលនេះមានប្រជាពលរដ្ឋជាច្រើននាក់បានទៅដាក់ពាក្យបណ្តឹងទៅលើឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស ក្នុងបទរំលោភលើទំនុកចិត្ត។
បច្ចុប្បន្ន មានករណីឧកញ៉ា នួន អក មានប្រជាពលរដ្ឋជាច្រើនបានទៅដាក់ពាក្យបណ្តឹងឱ្យលោក ម៉ៅ ធនិន អភិបាលខេត្តកំពតជួយរកដំណោះស្រាយជូនពួកគាត់ដែលបានចាញ់បោកឧកញ៉ារូបនេះ៕
ដោយ៖ ចន្ទ លីហ្សា