ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយកូរ៉េខាងជើងផ្ញើសារទៅកាន់ប្រធានាធិបតីរុស្ស៊ី អាមេរិកបារម្ភទីក្រុងព្យុងយ៉ាងមានផែនការបញ្ជូនអាវុធបន្ថែមទៅឱ្យរុស្ស៉ី

ចែករំលែក៖

នៅពេលថ្មីៗនេះ កូរ៉េខាងជើង បានផ្ញើសារទៅកាន់ប្រធានាធិបតី រុស្ស៊ីលោកពូទីន ស្តីពីចំណងមិត្តភាពយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ។ សកម្មភាពទាំងនោះបង្កក្តីបារម្ភយ៉ាងខ្លាំងដល់បណ្តាប្រទេសលោកខាងលិចពីការបញ្ជូនអាវុធពីកូរ៉េខាងជើងទៅកាន់រុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភខ្លាចក្រែង កូរ៉េខាងជើងកំពុងមានផែនការបញ្ជូនអាវុធបន្ថែមទៅឱ្យរុស្ស៉ី បន្ទាប់ពីលោក គីម ជុងអ៊ុន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូ។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក គីម ជុងអ៊ុន បានធ្វើការសន្យាខាងលើនៅក្នុងសារមួយផ្ញើជូនលោកពូទីន នាឱកាសថ្ងៃបុណ្យជាតិរុស្ស៉ី។ ក្នុងសារដដែលនោះ លោក គីម បានហៅទំនាក់ទំនងជាមួយទីក្រុងមូស្គូថាជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជិតស្និទ្ធ ហើយថានឹង ចាប់ដៃសហការជាមួយលោកពូទីន ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំង២ សំដៅកសាងប្រទេសដ៏ខ្លាំងក្លាមួយ។
ជុំវិញការលើកឡើងរបស់លោក គីម នេះដែរ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថា ទោះបីជាទីក្រុងព្យុងយ៉ាងបានបដិសេធថាមិនបានលក់អាវុធឱ្យ
រុស្ស៉ីក៏ដោយ តែសហរដ្ឋអាមេរិកបានដឹងថា កូរ៉េខាងជើងពិតជាបានប្រគល់អាវុធ ក្នុងនោះរួមមានមីស៊ីល គ្រាប់រំសេវ ដល់ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ អ្នកនាំពាក្យរូបនេះដដែលបានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាមានការព្រួយបារម្ភថា កូរ៉េខាងជើងមានផែនការបញ្ជូនបរិក្ខារយោធាបន្ថែមដល់រុស្ស៉ី»។
កាលពីថ្ងៃមីនាកន្លងទៅ សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនទទួលបានព័ត៌មានថា រុស្ស៉ីកំពុងស្វែងរកអាវុធនិងបរិក្ខារយោធានៅក្រៅប្រទេស ក្នុងនោះរួមមានទាំងការទិញអាវុធពីកូរ៉េខាងជើងជាថ្នូរនឹងការផ្ដល់ជំនួយស្បៀងអាហារ។ ក្នុងខែមីនាដដែលនោះដែរ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើបុរសជាជនជាតិស្លូវ៉ាគីម្នាក់ផងដែរ សម្រាប់ការធ្វើជាឈ្នួញកណ្ដាលលក់អាវុធជាច្រើនប្រភេទរបស់កូរ៉េខាងជើងទៅឱ្យរុស្ស៉ីយកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងនឹង អ៊ុយក្រែន៕

ដោយ៖ ធីរីណា(រូប​ថត​ : doanhnghiepvn.vn)


ចែករំលែក៖