ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូនជនសង្ស័យ​ម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធ​ករណីលួចម៉តូ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​នៅព្រឹកថ្ងៃទី១៤​ ខែមិថុនា​​​ ឆ្នាំ​២០២៣​នេះ។  សមត្ថកិច្ចប្រាប់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួច(ម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ដោយយោងតាមដើមបណ្តឹងឈ្មោះ យ៉ុន វិសិត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

   លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ហួន ប៉ង់ ហៅបារាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ នៅវេលាម៉ោងកេីតហេតុ​ជនសង្ស័យ​បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Y-1354 ។

ក្រោយពីទទួលបានពាក្យបណ្តឹង​រួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការស្រាវជ្រាវភ្លាមៗ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យរួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំតាមនីតិវិធី។

    ក្រោយឃាត់ខ្លួន​និងសួរចម្លេីយ​ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​និងមានវត្ថុតាង​ ជនសង្ស័យ​ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ 

    លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ 

    ចំណែកវត្ថុតាង​ម៉ូតូ​ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដេីមវិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖