ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ការបង្កើតសង្រ្គាមគឺជារឿងងាយស្រួល ប៉ុន្តែការស្វែងរកសុខសន្ដិភាពគឺជារឿងលំបាកខ្លាំងណាស់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ការស្វែងរកសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្វើឡើងនៅតំបន់ព្រៃស្ពឺ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើឱ្យប្រទេសមានសង្គ្រាមគឺរហ័សណាស់ គឺគ្រាន់តែសម្រេចចិត្ត ១០នាទី គឺអាចធ្វើឱ្យប្រទេសមានសង្គ្រាមបាត់ទៅហើយ ប៉ុន្ដែការបញ្ឈប់សង្គ្រាមទៅវិញទេ ដែលមានការលំបាកខ្លាំងណាស់។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តខុសរបស់លោក លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ បានធ្វើឱ្យកម្ពុជាចាប់ផ្តើមផ្ទុះសង្រ្គាម រហូតធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការវាយកទឹកដីរុស្ស៊ីពីសំណាក់កងទ័ពអ៊ុយក្រែន និងមិនអាចឱ្យអ៊ុយក្រែនអាចកាន់កាប់ទឹកដីទាំងនោះបាននោះទេ ដោយសារតែរុស្ស៊ីនិងវាយត្រឡប់ចេញទៅវិញ ហើយអ្នកដែលរងគ្រោះនោះគឺប្រជាជនស៊ីវិលតែប៉ុណ្ណោះ។

 សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថា ពេលនេះមិនអាចមានអ្វីដែលរារាំងអ៊ុយក្រែន មិនឲ្យវ៉ៃទៅលើរុស្ស៊ីនោះទេ តែសម្ដេចជឿថា រុស្ស៊ីនឹងមិនឲ្យអ៊ុយក្រែនកាន់កាប់ទឹកដីរបស់ខ្លួនដែលវាយបាននោះទេ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ «ទោះអាមេរិកនិងលោកខាងលិចផ្ដល់អាវុធឲ្យប៉ុណ្ណាក៏ដោយក៏ទៅមិនរួចដែរ។ វ៉ៃទៅ វ៉ៃមក ប្រជាជនដែលស្លាប់គឺ អ៊ុយក្រែន និងរុស្ស៊ីតែប៉ុណ្ណឹង»។

សម្ដេចតេជោបានបង្ហើបពីសំណួរដែលសម្ដេចបានសួរទៅប្រធានាធិបតីអ៊ុយក្រែន ក្នុងជំនួបថ្មីៗនេះថា តើអ៊ុយក្រែនមានគម្រោងចង់វ៉ៃយកដីវិញទេ? ចម្លើយនោះគឺអ៊ុយក្រែនពិតជាមាន។

សម្ដេចមិនមានជំនឿថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម បាននោះទេខណៈជំរុញឲ្យមានការដោះស្រាយដោយសន្តិវិធី និងការចរចាទៅលើករណីសង្គ្រាមមួយនេះ។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នឹងបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ សង្គ្រាមនេះគឺផ្ដើមចេញពីការចង់ចូលរួមទៅក្នុងសម្ព័ន្ធមិត្តណាតូ របស់ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យរុស្ស៊ីមានការខឹងសម្បារចំពោះការនាំយកសម្ព័ន្ធមិត្តណាតូមកក្បែរព្រំដែនរបស់ខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖