ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសំឡូត បានទទួលកាំភ្លើងខ្លីមួយដើមពីប្រជាពលរដ្ឋម្នាក់ បន្ទាប់ពីគាត់បានកាប់ដីក៏ប្រទះឃេីញ រួមក៏រាយការណ៍ប្រាប់សមត្ថកិច្ច និងយកមកប្រគល់ឱ្យដេីម្បីយកមករក្សាទុកកម្ទេចចោល។ មន្រ្តីនគរបាលស្រុកសំឡូត បានឱ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចភូមិចាស់ ភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រជាពលរដ្ឋមា្នក់ឈ្មោះ សួង ណុប ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រទះឃើញអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត នៃអធិការដ្ឋាននគរបាលស្រុកសំឡូត។
ក្រោយពីទទួលបាន សមត្ថកិច្ចបានត្រួតពិនិត្យឃើញថា ជាប្រភេទអាវុធខ្ចីច្រេះ មិនស្គាល់ម៉ាក ចំនួន ០១ដើម រួចសមត្ថកិច្ចបានរាយការណ៍បន្ត ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកសំឡូត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង មូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕
ដោយ៖ អរុណរះ