រដ្ឋមន្ត្រីក្រសួងឌីជីថលបារាំងបានឲ្យដឹងថាបារាំងកំពុងតែព្យាយាមបញ្ចុះបញ្ចូលឲ្យ Elon Musk សាងសង់រោងចក្រផលិតឡានអាគុយ Tesla នៅក្នុងប្រទេសខ្លួន។
លោក Jean-Noel Barrot រដ្ឋមន្ត្រីក្រសួងឌីជីថលបារាំងបានថ្លែងប្រាប់សារព័ត៍មានCNBC នៅឯសន្និសីទ Viva Tech នៅទីក្រុងប៉ារីសថា “វាពិតជាអស្ចារ្យណាស់ដែលមានរោងចក្រ Tesla នៅប្រទេសបារាំង យើងបានប្រឹងប្រែង និងធ្វើរឿងជាច្រើនដើម្បីធ្វើឱ្យប្រាកដថាវាអាចទៅរួច ហើយវាអាចកើតឡើង” ។
លោក Barrot បាននិយាយបន្ថែមទៀតថា “យើងក៏បានបណ្តាក់ទុនលើវិស័យថាមពលអគ្គិសនីទាំងមូលផងដែរ ដូច្នេះហើយយើងនឹងព្យាយាមបញ្ចុះបញ្ចូលគាត់ថា ប្រទេសបារាំងគឺជាកន្លែងដ៏ល្អបំផុតនៅក្នុងទ្វីបអឺរ៉ុបក្នុងការបង្កើតរោងចក្រ Tesla បន្ទាប់របស់គាត់”។
ចំណែកលោក Elon Musk ក៏នឹងត្រូវបានអញ្ជើញមកនិយាយនៅឯសន្និសីទ Viva Tech នៅទីក្រុងប៉ារីសផងដែរស្របពេលដែលគាត់កំពុងតែស្វែងរកទីតាំងបង្កើតរោងចក្រផលិតឡានអាគុយ Tesla បន្ថែមលើទីតាំងដែលកំពុងតែមាននៅក្នុងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចិន។
ការនិយាយលើកនេះរបស់លោក Jean-Noel Barrotហាក់បីដូចជាទន់ភ្លន់ជាងពាក្យសម្តីដែលគាត់និយាយទៅកាន់មហាសេដ្ឋីអាមេរិ Elon Musk កាលពីខែមុន ដោយគាត់បានគម្រាមបិទ Twitter របស់លោក Musk ។
រដ្ឋមន្ត្រីក្រសួងឌីជីថលបារាំងខាងលើនេះធ្លាប់បាននិយាយថា App ប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter នឹងត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប ប្រសិនបើវាមិនអនុវត្តតាមច្បាប់សេវាកម្មឌីជីថលនា ដែលចូលជាធរមានក្នុងខែសីហាខាងមុខ។ច្បាប់នេះនឹងបង្ខំក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមទាំង Twitter ប្រឈមមុខចំពោះច្បាប់ប្រសិនបើមានការបង្ហោះមាតិការផ្ទុយនឹងច្បាប់ និងព័ត៌មានមិនពិតនៅលើ Twitter របស់ពួកគេកាន់តែច្រើនឡើង ហើយអាចនឹងនឹងរងការផាកពិន័យរាប់ពាន់លានដុល្លារ ៕
ប្រភព៖ cnbc